ការប្រើប្រាស់មូលនិធិដោយការទទួលខុសត្រូវ

កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ​ ធ្វើឲ្យប្រាកដថាថវិការជំនួយ នឹងត្រូវបានផ្តល់សម្រាប់តែសមិទ្ធិផលដែលត្រូវបានព្រមព្រៀងជាមុន និងពុំមានការលេចធ្លាយ ឬការខុសឆ្គងក្នុងការប្រើប្រាស់មូលនិធិ។ ការធានានេះមានក្នុងគ្រប់ជំហាននៃដំណើរការជ្រើសរើស និងផ្តល់ថវិការជំនួយ៖
១.   គណៈកម្មាធិការគ្រប់គ្រងកម្មវិធី ដែលមានសមាជិកមកពីរាជដ្ឋាភិបាលកម្ពុជា និង ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលអូស្រ្តាលី អនុម័តប្រភេទនៃការផ្តល់ការគាំទ្រ។
២.   ​ក្រសួងដែលពាក់ព័ន្ធអនុម័តលក្ខខណ្ឌក្នុងការជ្រើសរើស។
៣.   កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ ប្រកាសរកចំណាប់អារម្មណ៍ក្នុងការទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុ។
៤.   គណៈកម្មាធិការត្រួតពិនិត្យ ដែលជាក្រុមអ្នកជំនាញឯករាជ្យ ពិនិត្យគ្រប់សំណើសុំការគាំទ្រទាំងអស់ ដោយពិនិត្យមើលថាតើវាស្របតាមគោលការណ៍ និងដំណើរការដែលបានព្រមព្រៀងទាំងអស់ឬទេ និងថាតើបរិមាណឧបត្ថមធនលើការវិនិយោគ មានភាពសមរម្យឬទេ។
គោលការណ៍ណែនាំអំពីលទ្ធកម្ម និងការផ្តល់ជំនួយរបស់រដ្ឋាភិបាលអូស្រា្តលី គឺជាមូលដ្ឋានក្នុងការផ្តល់ជំនួយរបស់យើង។
ការផ្តល់ថវិកាជំនួយដោយផ្អែកលើសមិទ្ធផលជាក់ស្តែង គឺជាយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យសំខាន់មួយទៀត។ ថវិកាជំនួយនឹងត្រូវបានផ្តល់ នៅពេលសមិទ្ធផលដូចជាអាងអាកាស ឬបណ្តាញអគ្គិសនីក្នុងប្រវែងជាក់លាក់ណាមួយត្រូវបានសាងសង់ហើយ។ កិច្ចសន្យាផ្អែកលើសមិទ្ធផលមានន័យថាក្រុមហ៊ុនដែលមិនបានសម្រេចសមិទ្ធផលទៅតាមអ្វីដែលបានព្រមព្រៀង នឹងមិនត្រូវបានផ្តល់ថវិកាជំនួយនោះទេ។
ដំណើរការនៃការជ្រើសរើសរបស់យើង
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រើប្រាស់ដំណើរការដេញថ្លៃប្រកួតប្រជែង។​ ជុំជំនួយជាច្រើនជុំនឹងត្រូវបានបើកក្នុងមួយឆ្នាំៗ ហើយជុំនីមួយៗអាចមានការផ្តល់ឲ្យ និងមានលក្ខណជ្រើសរើសខុសគ្នា។ ប្រសិនមានថវិកាជំនួយគ្រប់គ្រាន់ ការផ្តល់ការឧបត្ថមធនសម្រាប់វិនិយោគ អាចត្រូវបានផ្តល់ឲ្យទៅគ្រប់ក្រុមហ៊ុនដែលត្រូវទៅតាមលក្ខខណ្ឌ។ ប្រសិនតម្រូវការមានច្រើនជាងថវិកាជំនួយដែលមាន ក្រុមហ៊ុនណាផ្តល់ផលពីការចំណាយមួយឯកតារបស់កម្មវិធី ខ្ពស់ជាងគេនឹងត្រូវបានជ្រើសរើស។​
យើងក៏មានយន្តការផ្តល់ការគាំទ្រ ដល់ក្រុមហ៊ុនដែលមានលក្ខណៈពិសេសដោយឡែកក្នុងទីផ្សារ ដូចជាសមាគមន៍ ឬក៏ក្រុមហ៊ុនណាដែលចង់សាកល្បងផលិតផល ឬសេវាកម្មថ្មីនៅក្នុងទីផ្សារ។ របៀបធ្វើការ និងដំណើរការលម្អិត ត្រូវបានរៀបរាប់នៅក្នុងផែនការការងារប្រចាំឆ្នាំ២០១៦។
ផលពីការចំណាយមួយឯកតា
យើងខ្ញុំចង់សម្រេចបានអត្ថប្រយោជន៍ខ្ពស់បំផុត ពីធនធានដែលបានចំណាយ។ ក្នុងពីរឆ្នាំដំបូងរបស់កម្មវិធី យើងបានប្រើប្រាស់លក្ខ័ណជ្រើសរើស ដែលមានភាពសាមញ្ញដូចជាថវិកាជំនួយក្នុងមួយតំណរ។​ យើងធ្វើបណ្តើររៀនបណ្តើរ និងកែតម្រូវការគណនាហិរញ្ញវត្ថុរបស់យើងជាបន្តបន្ទាប់ ដើម្បីទទួលបានប្រសិទ្ធិភាពហិរញ្ញវត្ថុជាអតិបរមា។ ម៉ូដែលហិរញ្ញវត្ថុរបស់យើងមានព័ត៌មានយ៉ាងលម្អិត និងបានបញ្ចូលរាល់ចំណាយទាំងអស់លើអាយុកាលនៃការវិនិយោគ ដោយរូមបញ្ចូលនូវទុនមូលធន ការចំណាយផ្ទាល់ ការចំណាយមិនផ្ទាល់ និង ការចំណាយថែទាំ។
ជាបណ្តើរៗ យើងនឹងបង្កើតឧបករណ៍ដែលមានលក្ខណៈទំនើប ដើម្បីវាស់វែងផលប៉ះពាល់សង្គម និងផលប្រយោជន៍ របស់ការវិនិយោគយើង។
ការធានាថាថវិកាត្រូវបានប្រើប្រាស់ត្រឹមត្រូវ
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យប្រាកដថា ថវិកាជំនួយរបស់យើងត្រូវបានប្រើប្រាស់ ទៅតាមគោលបំណងដែលមាន និងមិនមានការប្រើប្រាស់មូលនិធិមិនសមស្រប។​ បន្ទាប់ពីគណៈកម្មាធិការគ្រប់គ្រងកម្មវិធីអនុម័តប្រភេទនៃការគាំទ្រ ហើយក្រសួងពាក់ព័ន្ធធអនុម័តលក្ខ័ណជ្រើសរើស កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ រៀបចំឯកសារយុត្តិកម្មសម្រាប់គណៈកម្មាធិការឯករាជ្យដែលជាអ្នកជំនាញការអន្តរជាតិ។ បន្ទាប់មក គណៈកម្មាធិការនឹងសម្រេច ថាតើការផ្តល់ជំនួយមានហេតុផលគ្រប់គ្រាប់ និងស្របទៅតាមគោលការណ៍ និងនីតិវិធីទាំងអស់ដែរឬទេ។
យើងបានប្រមូលទិន្នន័យជាច្រើនអំពីកម្រៃសេវា និងដំណើរការរបស់ក្រុមហ៊ុនអគ្គិសនី និងទឹកស្អាត ដែលអាចឲ្យយើងប៉ាន់ស្មានយ៉ាងច្បាស់លាស់អំពីចំណាយ និងចំណូល។​ នេះគឺជារបៀបដែលយើងកំណត់ទំហំជំនួយដែលត្រូវការ។​
ជំហានចុងក្រោយក្នុងការធានាគឺ ការប្រើប្រាស់កិច្ចសន្យាដែលផ្អែកលើសមិទ្ធផល។​ ការផ្តល់ថវិកានឹងកើតឡើងលុះត្រាណាតែសេវាកម្ម ឬសំណង់ត្រូវបានបញ្ចប់ និងត្រូវតាមបទដ្ឋានទាំងអស់ដែលព្រមព្រៀង។

 

Font Resize