ការតភ្ជាប់ប្រជាជនកម្ពុជាទៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺជាកម្មវិធីដែលមានរយៈពេល ៥ ឆ្នាំ និងដែលរំពឹងថានឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ឲ្យ​បាន​ដល់​ប្រជា​ជន​កម្ពុជា​ប្រមាណ​ជា​មួយ​លាន​នាក់​។ កម្មវិធីនឹងផ្តល់ការឧបត្ថមធន​សម្រាប់​វិនិយោគ​ទៅ​ក្រុមហ៊ុន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​តំបន់​ ដោយ​​ប្រើប្រាស់​មូលនិធិ​វិនិយោគ ២៧ លានដុល្លាអូស្រ្តាលីរបស់យើង (ឬ ប្រហែល ២០ លានដុល្លាសហរដ្ឋអាមេរិក)។
ការជំរុញការសាយភាយនៃអត្ថប្រយោជន៍ពីការរីកចំរើនទៅទូទាំងប្រទេសកម្ពុជា
២៥ឆ្នាំកន្លងមក ប្រទេស​កម្ពុជា​បាន​លូត​លាស់ ពី​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​ពិភព​លោក​ ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​កណ្តាលទាប ប៉ុន្តែ​ការលូតលាស់​នេះ ស្ថិត​នៅ​ផ្តុំ​តែ​ជុំវិញ​ទីក្រុង​សំខាន់ៗ​ប៉ុណ្ណោះ​។​​ បច្ចុប្បន្ន កម្ពុជា​កំពុង​ពង្រីក​សេវាកម្ម​មូលដ្ឋាន ដូច​ជា​ទឹក​ស្អាត និង​អគ្គិសនី​ដែលអាច​ទុកចិត្ត​បាន​ទៅ​ក្រៅ​ទីក្រុង ដើម្បី​ឲ្យ​ប្រជាជន​ទាំង​អស់​អាច​ទទួល​អត្ថ​ប្រយោជន៍​ពី​ការ​រីកចម្រើន។
ការពង្រីកសេវាកម្ម​មូលដ្ឋាន នឹងធ្វើ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន​កម្ពុជា ដែល​រស់​នៅ​ក្រៅ​ទី​ប្រជុំជន​ប្រសើរ​ឡើង ហើយ​ការ​ទទួល​បាន​ទឹក​ស្អាត នឹង​ធ្វើ​ឲ្យ​សុខ​ភាព​ពួក​គាត់​ប្រសើរ​ជាង​មុន​ជា​ខ្លាំង។ អគ្គិសនី​ដែល​មាន​តម្លៃ​សមរម្យ នឹង​ធ្វើ​ឲ្យ​រោងជាង​និង​រោង​ចក្រ​ខ្នាត​តូច អាច​ដំណើរ​ការ​បាន​ច្រើន​ម៉ោង​ជាង​មុន ម្ហូប​អាហារ​អាច​ត្រូវ​បាន​រក្សា​ក្នុង​ទូរ​ទឹក​កក និង​សិស្ស​សាលា​អាច​រៀន​ពេល​យប់​។

អានបន្ថែម

ហេតុអ្វីពួកយើងធ្វើការជាមួយវិស័យឯកជន
 ពេលស្រាវជ្រាវដំបូង យើងខ្ញុំបានឃើញយ៉ាងជាក់ស្តែងថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធឯកជនក្នុងប្រទេសកម្ពុជា កំពុងអាក់ខាន ដោយសារស្ទើរតែគ្រប់ទីតាំង ដែលផ្តល់ផលចំណេញល្អបំផុតពីការវិនិយោគ ត្រូវបានគ្របដណ្ដប់រួចទៅហើយ។​ បើគ្មានការគាំទ្របន្ថែម ការផ្តល់សេវាកម្មពីវិស័យឯកជន ស្ទើរតែខិតដល់ដែនកំណត់ទៅហើយ។
យើងបានសាកសួរសហគ្រិនខ្មែរ នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាតើអ្វីដែលកំពុងរារាំងការពង្រីកសេវាកម្មរបស់ពួកគេ ហើយគាត់បានឆ្លើយថា​៖ លុយ! អ្នកខ្លះមានគម្រោងដែលផ្តល់ចំណេញមកវិញល្អ ប៉ុន្តែមានបញ្ហាក្នុងការស្វែងរកទុនដែលត្រូវការ។
សម្រាប់អ្នកដទៃទៀត ការគាំទ្រផ្នែកហិរញ្ញវត្ថុ ជាតម្រូវការចាំបាច់ ដើម្បីឲ្យការពង្រីកជំនួញរបស់ពួកគេកាន់តែមានភាពទាក់ទាញ និងនិរន្តភាព។
កម្មវិធីយើងខ្ញុំ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការឧបត្ថម្ភធន ដែលនឹងជួយបំពេញការវិនិយោគរបស់វិស័យឯកជន និងធ្វើឲ្យអាជីវកម្មមានភាពទាក់ទាញ និងនិរន្តរភាព។

អានបន្ថែម

គោលការណ៍របស់យើង
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ ជាកម្មវិធីដែលមានភាពបត់បែន ហើយត្រូវបានរៀបចំឡើងដើម្បីសម្របទៅតាមការប្រែប្រួលនៃកាលៈទេសៈ និងអាទិភាព។
យើង​មិនមាន​តារាង​សកម្មភាព ឬ​គម្រោងត្រូវអនុវត្តមុនបញ្ចប់កម្មវិធី ដែល​ត្រូវបាន​អនុម័ត​ទុក​មុននោះឡើយ។​
គោលការណ៍ដឹកនាំ​របស់យើងខ្ញុំ​ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​​អូស្រ្តាលី និង​កម្ពុជា ហើយ​រួមមាន​​ដូចខាងក្រោម៖
  • កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ ​ អាច​វិនិយោគតែ​លើគម្រោងណា​​ដែល​មិនអាច​កើត​ឡើង​បាន ប្រសិន​បើ​គ្មាន​ការ​គាំទ្រ​របស់​យើង ហើយ​យើង​នឹងមិន​ផ្តល់​ជំនួយ​ លើស​ពី​ជំនួយ​អប្បរមាត្រូវការដើម្បីធ្វើឲ្យ​ក្រុមហ៊ុន​វិនិយោគ​ឡើយ។ ​
  • យើង​នឹង​ផ្តល់​អាទិភាព ​ដល់​គម្រោង​ណា​ដែល​ផ្តល់​ផលប្រយោជន៍​សង្គម និង​សេដ្ឋកិច្ច​អតិបរមា​ និង​ដែលផ្តល់ផលខ្ពស់បំផុតពីការចំណាយមួយឯកតារបស់យើង។
  • យើង​អាច​គាំទ្រ​តែ​គម្រោង​ណា ​ដែល​មាន​និរន្តរភាព មាន​ន័យថា​វានឹង​នៅ​តែ​ដំណើរ​ការ​ បន្ទាប់ពី​កម្មវិធី​ត្រូវបានបញ្ចប់​។ យើង​ប្រើ​​យន្តការ​ដែល​មាន​ភាព​ស្មើ​ភាព និង​តម្លាភាព ដើម្បី​ជ្រើសរើស​គម្រោងដែល​ធ្វើឲ្យ​ការរស់នៅមានភាពប្រសើរឡើង និងមាន​​ផលប៉ះពាល់​អវិជ្ជ​មាន​តិច​បំផុត។
  • យើង​អាច​គាំទ្រ​តែ​ក្រុមហ៊ុន​ណា​ដែល​មាន​​កេរ្ត៍​ឈ្មោះ​ល្អ និង​គោរព​តាម​ច្បាប់​ទាំងអស់។
ការជ្រើសរើសក្រុមហ៊ុនដែលត្រឹមត្រូវ
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ ប្តេជ្ញា​​ធានា​ថា​គម្រោង​​​សក្តានុពលទាំងអស់​ ​​​ឆ្លើយតប​នឹងស្តង់ដាបរិស្ថាន របស់​អូស្រ្តាលី និង​កម្ពុជា​។ យើង​ក៏​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដែល​យើង​​គាំទ្រ គោរពតាម​លក្ខខណ្ឌ​ការងារ​សុវត្តិភាព ច្បាប់​​និង​បទបញ្ញត្តិ​របស់​កម្ពុជា។
ការ​​​ត្រួតពិនិត្យ​សាវតាររបស់យើង អង្កេតលើ​​​​កេរ្ត៍​ឈ្មោះ​របស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ គេច​ពន្ធ ឬ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ ឬសកម្មភាព​ប្រឆាំង​សង្គម នឹង​​ត្រូវ​ដកចេញ​ពី​ការ​ទទួល​ជំនួយ។

អានបន្ថែម

ការភ្ជាប់បណ្តាញអគ្គិសនីជាតិទៅជនបទ
ការទទួលបានអគ្គិសនីប្រើប្រាស់ នៅតែជាបញ្ហាប្រឈមធំមួយ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយបច្ចុប្បន្នមានប្រជាជនតិចជាង ៦០% ភ្ជាប់បណ្តាញអគ្គិសនីជាតិ (យោងរបាយការណ៍ EDC 2016)។ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំយកអគ្គិសនីទៅតំបន់ដាច់ស្រយ៉ាល និង មានការអភិវឌ្ឍទាបក្នុងប្រទេស។
ការស្រាវជ្រាវរបស់យើងបានបង្ហាញថា ការឧបត្ថមធនអាចជំរុញឲ្យក្រុមហ៊ុនអគ្គិសនីមានស្រាប់ ​ប្រមាណ៦០ពង្រីកបណ្តាញរបស់ខ្លួន និងនាំយកអគ្គិសនីដែលមានតម្លៃសមរម្យដល់សហគមន៍ ដែលសព្វថ្ងៃកំពុងពឹងផ្អែកលើម៉ាស៊ីនភ្លើងម៉ាស៊ូត ឬឥន្ធនៈបំពុលផ្សេងៗដែលមានតម្លៃខ្ពស់។
ដោយមានការសហការជាមួយភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធ យើងខ្ញុំបានបង្កើតសកម្មភាពគាំទ្រជាច្រើន ដែលនឹងទាក់ទាញការវិនិយោគ ទៅតំបន់ដែលមានដង់ស៊ីតេប្រជាជនទាប។​ សកម្មភាពមានពីរធំៗ គឺការឧបត្ថមធនលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់បណ្តាញរបស់ប្រជាជន។
ការនាំយកទឹកស្អាតតាមបំពង់ដល់ប្រជាជនកម្ពុជាបន្ថែមទៀត
នៅប្រទេសកម្ពុជា ទឹកត្រូវបានចែកចាយ តាមរយៈក្រុមហ៊ុន ដែលទទួលប្រកាសអនុញ្ញាតិចែកចាយពីក្រសួងឧស្សាហកម្មនិងសិប្បកម្ម។ នៅឆ្នាំ២០១៦ មានក្រុមហ៊ុនដូចនេះចំនួន ១៣៧ ដែលកំពុងចែកចាយទឹកស្អាតតាមបំពង់ ដល់រាប់ពាន់គ្រួសារ។
ទោះជាយ៉ាងណា គ្រួសារភាគច្រើននៅក្រៅទីប្រជុំជនធំៗ នៅមិនអាចភ្ជាប់ទឹកស្អាតប្រើប្រាស់នៅឡើយ។ តាមការប៉ាន់ស្មានរបស់យើង មានក្រុមហ៊ុនផ្សេងទៀតប្រមាណពី ៥០ ទៅ ១០០ ដែលអាចផ្គត់ផ្អង់ទឹកស្អាតតាមលក្ខណៈអាជីវកម្ម ដល់គ្រួសារច្រើនជាង ១០០.០០០បន្ថែមទៀត។
ផ្អែកលើការពិភាក្សាជាមួយក្រសួង យើងបានសម្រេចផ្តល់ការលើកទឹកចិត្តដល់ការវិនិយោគឯកជនបន្ថែមដោយក្រុមហ៊ុន តាមរយៈការជំនួយពីរប្រភេទ។ ប្រភេទទីមួយគឺសម្រាប់ក្រុមហ៊ុនដែលយល់ព្រមកែរលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដែលមានស្រាប់ និងមួយទៀតសម្រាប់ឃុំ ដែលមិនទាន់មានក្រុមហ៊ុនធ្វើអាជីវកម្មទឹកស្អាតនៅឡើយ។

អានបន្ថែម៖

ប្រទេសកម្ពុជា និងអូស្រ្តាលីធ្វើការងាររួមគ្នាដើម្បីភាពរុងរឿងសម្រាប់ទាំងអស់គ្នា
ទំនាក់ទំនងស្អិតរមួតរវាងប្រទេសកម្ពុជានិងអូស្រ្តាលីស៊ីជម្រៅ ក្នុងទស្សវតន៍ឆ្នាំ ១៩៨០ នៅពេលដែលប្រទេសអូស្រ្តាលីឈានមុខ ក្នុងដំណើរការរកសន្តិភាព និងបន្ទាប់មក ក្នុងអាជ្ញាធរអង្គការសហប្រជាជាតិបណ្តោះអាសន្ននៅកម្ពុជា (UNTAC) (១៩៩២-៩៣)។ បន្ទាប់ពីកម្ពុជាមានការរីកចម្រើនជានិរន្តរភាពក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសអូស្រ្តាលីបានកំពុងធានាថាជំនួយអភិវឌ្ឍរបស់ខ្លួនមានការបត់បែនទៅតាមបរិយាកាសសង្គមនិងសេដ្ឋកិច្ចដែលផ្លាស់ប្តូរយ៉ាងលឿនរបស់កម្ពុជា តាមរយៈការបង្កើនការយកចិត្តទុកដាក់ទៅលើភាពជាដៃគូផ្នែកសេដ្ឋកិច្ច ការធ្វើការជិតស្និតជាងមុនជាមួយផ្នែកឯកជន និងលើកកំពស់ដល់ការផ្តល់ជំនួយរបស់ប្រទេសអូស្រ្តាលីដែលមានភាពច្នៃប្រឌិត។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាអង្គភាពរដ្ឋាភិបាលមួយ ដែលទទួលបន្ទុកលើការវិនិយោគបរទេស និងកំពុងតែជាដៃគូអនុវត្តគម្រោងឈានមុខគេរបស់កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើរតួនាទីយុទ្ធសាស្រ្ត និងត្រួតពិនិត្យ។
ការគាំទ្រផ្នែកយុទ្ធសាស្រ្តនិងប្រតិបត្តការ ត្រូវបានផ្តល់ឲ្យ ដោយក្រសួងឧស្សាហម្ម និងសិប្បកម្ម ដែលមានទំនួលខុសត្រូវលើការចែកចាយទឹកស្អាតតាមបំពង់ និងដោយក្រសួងរ៉ែនិងថាមពល ដែលមានទំនួលខុសត្រូវលើផលិតកម្មនិងការចែកចាយអគ្គិសនី។
តាមរយៈការគាំទ្រដល់ក្រុមហ៊ុនឯកជន ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់ពួកគេ រដ្ឋាភិបាលអូស្រ្តាលីកំពុងជួយបន្តមហិច្ឆតារបស់កម្ពុជា ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និងធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន។ ផ្នែកមួយដ៏សំខាន់នៃជំនួយនេះ គឺកំពុងតែត្រូវបានផ្តល់ឲ្យតាមរយៈមូលនិធិរបស់ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងជំរុញឲ្យក្រុមហ៊ុននានាពង្រីកសេវារបស់ខ្លួន ទៅតំបន់ដែលបច្ចុប្បន្នមិនទាន់បត្រូវបានតភ្ជាប់។
ការប្រើប្រាស់មូលនិធិដោយការទទួលខុសត្រូវ
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ​ ធ្វើឲ្យប្រាកដថាថវិការជំនួយ នឹងត្រូវបានផ្តល់សម្រាប់តែសមិទ្ធិផលដែលត្រូវបានព្រមព្រៀងជាមុន និងពុំមានការលេចធ្លាយ ឬការខុសឆ្គងក្នុងការប្រើប្រាស់មូលនិធិ។ ការធានានេះមានក្នុងគ្រប់ជំហាននៃដំណើរការជ្រើសរើស និងផ្តល់ថវិការជំនួយ៖
១.   គណៈកម្មាធិការគ្រប់គ្រងកម្មវិធី ដែលមានសមាជិកមកពីរាជដ្ឋាភិបាលកម្ពុជា និង ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលអូស្រ្តាលី អនុម័តប្រភេទនៃការផ្តល់ការគាំទ្រ។
២.   ក្រសួងដែលពាក់ព័ន្ធអនុម័តលក្ខខណ្ឌក្នុងការជ្រើសរើស។
៣.   កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ ប្រកាសរកចំណាប់អារម្មណ៍ក្នុងការទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុ។
៤.   គណៈកម្មាធិការត្រួតពិនិត្យ ដែលជាក្រុមអ្នកជំនាញឯករាជ្យ ពិនិត្យគ្រប់សំណើសុំការគាំទ្រទាំងអស់ ដោយពិនិត្យមើលថាតើវាស្របតាមគោលការណ៍ និងដំណើរការដែលបានព្រមព្រៀងទាំងអស់ឬទេ និងថាតើបរិមាណឧបត្ថមធនលើការវិនិយោគ មានភាពសមរម្យឬទេ។
គោលការណ៍ណែនាំអំពីលទ្ធកម្ម និងការផ្តល់ជំនួយរបស់រដ្ឋាភិបាលអូស្រា្តលី គឺជាមូលដ្ឋានក្នុងការផ្តល់ជំនួយរបស់យើង។
ការផ្តល់ថវិកាជំនួយដោយផ្អែកលើសមិទ្ធផលជាក់ស្តែង គឺជាយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យសំខាន់មួយទៀត។ ថវិកាជំនួយនឹងត្រូវបានផ្តល់ នៅពេលសមិទ្ធផលដូចជាអាងអាកាស ឬបណ្តាញអគ្គិសនីក្នុងប្រវែងជាក់លាក់ណាមួយត្រូវបានសាងសង់ហើយ។ កិច្ចសន្យាផ្អែកលើសមិទ្ធផលមានន័យថាក្រុមហ៊ុនដែលមិនបានសម្រេចសមិទ្ធផលទៅតាមអ្វីដែលបានព្រមព្រៀង នឹងមិនត្រូវបានផ្តល់ថវិកាជំនួយនោះទេ។

អានបន្ថែម៖

ការវាយតម្លៃលទ្ធផល
ការតភ្ជាប់​ទៅនឹង​ហេដ្ឋារចនាសម័្ពន្ធ​មូលដ្ឋាន​ដូច​ជាទឹក​និង​អគ្គិសនី ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​អនុញ្ញាត​ឲ្យ​ការរីកចម្រើន​ផ្នែកសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ រីក​សាយ​ភាយ​លើស​ពី​​ទី​ប្រជុំ​ជន​ធំៗ។​ ក្រុមហ៊ុនត្រូវការ ហេដ្ឋារចនាសម័្ពន្ធ​មូលដ្ឋាន​ដែល​អាច​ទុក​ចិត្ត​បាន ដើម្បីអាចចាប់​ផ្តើម​អាជីវកម្មនិង​វិនិយោគ​នៅជនបទ។
ការតភ្ជាប់​​ទឹក​ស្អាត និង​អគ្គិសនី​ដែល​អាច​​ទុក​ចិត្ត​បាន និងមាន​តម្លៃ​សមរម្យ នឹងធ្វើ​ឲ្យ​​គុណភាពជីវិត​ជនបទ​ប្រសើរ​ឡើង​នូវ​។ កុមារ និង​មនុស្ស​ធំ នឹង​ឈឺ​តិច​ជាង​មុន  គ្រួសារចំណាយពេលតិចជាងមុនដើម្បីទទួលបានទឹក ​ប្រេង​ឥន្ធនៈតិចជាង​មុននឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បីដាំស្ល​ កុមារនឹង​អាច​រៀន​នៅ​ពេល​យប់ ហើយការប្រើ​ប្រាស់​ម៉ាស៊ីន​ភ្លើង​ដើរ​ដោយប្រេង​ម៉ាស៊ូតនឹង​កាន់​តែ​​ថយចុះ។​
ការផ្លាស់ប្តូរនេះ​​បាន​កើត​ឡើងហើយ​នៅ​ផ្នែក​ជាច្រើន​នៅក្នុងតំបន់ ប៉ុន្តែ​មាន​ទិន្នន័យ​តិចតួចណាស់​ស្តី​ពី​លទ្ធផល ក្រោយទទួលបានទឹកស្អាតនិងអគ្គិសនីនៅ​ក្នុងប្រទេស​កម្ពុជា។​ ដើម្បី​ឆ្លើយ​តបនឹងចំនុចនេះ​ យើង​នឹងសិក្សា​អំពី​ផលប៉ះពាល់របស់​កម្មវិធី ទៅ​លើ​អាជីវកម្មនានា​ និង​សហគមន៍​ជនបទ។​

ក្របខ័ណ្ឌវាយតម្លៃសមត្ថភាពរបស់កម្មវិធីគាំទ្រប្រទេសអូស្រ្តលីសំរាប់ប្រទេសកម្ពុជា ដែលបានបោះពុម្ពផ្សាយលើគេហទំព័រ DFAT នឹងត្រូវធ្វើបច្ចុប្បន្នភាពជាញឹកញាប់ ដើម្បីឆ្លុះបញ្ចាំងពីគោលដៅនៃអ្នកទទួលផលរបស់កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ

 

អានបន្ថែម៖

គម្រោងវិនិយោគរបស់យើង
នៅ​ពេញមួយឆ្នាំ​ដំបូង​ (​ឆ្នាំ​២០១៦) កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្តោត​លើ​វិស័យ​បី៖ ទឹក អគ្គិសនី​ និង សេវាហិរញ្ញវត្ថុ។
យើង​ ជួយ​​ក្រុមហ៊ុន​ទឹក និង អគ្គិសនី​តូចៗ​ដើម្បី​ពង្រីក​ និងធ្វើ​ឲ្យ​ប្រសើរឡើង​នូវសេវា​កម្មរបស់​ពួក​គាត់​ និង ដើម្បីតភ្ជាប់​គ្រួសារ​ក្នុង​តំបន់​ដែល​នឹង​មិន​ស្ថិត​នៅ​ក្រោម​តំបន់​សេវាកម្ម​ ប្រសិនពុំមានជំនួយពីយើង។ ការធ្វើការក្នុងផ្នែកនេះ​ នឹង​នៅ​តែ​ជាការផ្តោត​សំខាន់​​របស់​យើង​ សម្រាប់​​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត។
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏​បាន​សិក្សា​ពី របៀបដែលស្ថាប័ន​ហិរញ្ញវត្ថុ និង​វិនិយោគិន​នានាអាចផ្តល់​ទុន​វិនិយោគ​ដល់ ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធតូចៗ។ យើង​រក​ឃើញ​ថា ឱកាសក្នុង​​ការ​ផ្សារភ្ជាប់​វិនិយោគិន​ជាមួយ​ក្រុមហ៊ុន​ទឹក​និង​អគ្គិសនី មាន​កំរិត​ ប៉ុន្តែ​មានការចាប់អារម្មណ៍​វិនិយោគជា​ច្រើនក្នុង​គម្រោង​ថាមពល​កកើត​ឡើង​វិញ។​
យើង​កំពុង​ពិចារណាការ​វិនិយោគ​ ក្នុង​ថាមពលពន្លឺព្រះអាទិត្យ ការកែច្នៃឡើងវិញ និង ការដឹកជញ្ជូន។
Australian Aid and Palladium Logo
Font Resize