ការជ្រើសរើស​ក្រុមហ៊ុន​ដែល​ត្រឹមត្រូវ

កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ ប្តេជ្ញា​​ធានា​ថា​គម្រោង​​​សក្កដានុពលទាំងអស់​ ​​​ឆ្លើយតប​នឹងស្តង់ដាបរិស្ថាន របស់​អូស្រ្តាលី និង​កម្ពុជា​។ យើង​ក៏​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដែល​យើង​​គាំទ្រ គោរពតាម​លក្ខខណ្ឌ​ការងារ​សុវត្តិភាព ច្បាប់​​និង​បទបញ្ញត្តិ​របស់​កម្ពុជា។
ការ​​​ត្រួតពិនិត្យ​សាវតាររបស់យើង អង្កេតលើ​​​​កេរ្ត៍​ឈ្មោះ​របស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ គេច​ពន្ធ ឬ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ ឬសកម្មភាព​ប្រឆាំង​សង្គម នឹង​​ត្រូវ​ដកចេញ​ពី​ការ​ទទួល​ជំនួយ។
 ការកាត់បន្ថយ​ហានិភ័យ និង​ធានាគុណភាព
ភារកិច្ច​ក្នុងការត្រួតពិនិត្យ​ មាន​ការចូល​រួម​ពី​រដ្ឋាភិបាល​កម្ពុជា។ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ​ ត្រួតពិនិត្យ​ សុវត្ថិភាព​ការងារ​ និង​ការ​គោរព​តាម​គោលការណ៍​បរិស្ថានក្នុង​កំឡុងពេល​សាងសង់។ ក្រសួង​ពាក់ព័ន្ធ​​នឹង​វិស័យទឹកស្អាត និង​អគ្គិសនី ប្រើប្រាស់​ស្តង់ដា​និងការ​​ត្រួតពិនិត្យ​របស់​ខ្លួន ដើម្បី​ធានា​ការគោរព​​​ច្បាប់​ និង​បទបញ្ញត្តិ​​របស់​កម្ពុជា។ ការពិនិត្យរួមមាន ការធ្វើតេស្តគុណភាពទឹកស្អាត ឬពិនិត្យសុវត្ថិភាពរបស់បណ្តាញអគ្គិសនីជាប្រចាំ។ ក្រសួង និង​អជ្ញាធរ​ថ្នាក់ខេត្ត​ក៏​​ឆ្លើយ​តប​ផងដែរ ទៅនឹងការតវ៉ានានាពីសំណាក់​សហគមន៍​មូលដ្ឋាន។ ​
ផលប៉ះពាល់​បរិស្ថាន
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ បានបង្កើត​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន ដែលឆ្លើយតបនឹងតម្រូវការរបស់ខ្លួន។ រាល់​ទីតាំង​​ទាំងអស់ ត្រូវ​បាន​​វាយតម្លៃ មុនទទួល​​ការ​គាំទ្រ។ ឧទាហរណ៍ ប្រសិន​ទឹក​ត្រូវបាន​បូម​ចេញ​ពី​ស្ទឹង រាល់​ផល​ប៉ះពាល់លើផ្នែក​នៅក្រោមដងស្ទឹង នឹងត្រូវបានពិចារណា។ ក្នុង​ករណី​ខ្លះ យើងនឹង​សម្រេច ​មិន​បន្ត​​ធ្វើការលើ​គម្រោង​នោះ ប្រសិន​បើ​ផលប៉ះពាល់​អវិជ្ជមាន​មិន​អាច​កាត់បន្ថយ​បាន។
គម្រោង​របស់​យើង​ក៏​អាច​មាន​ផលប៉ះពាល់វិជ្ជមាន​លើ​បរិស្ថាន​ដែរ។ឧទាហរណ៍៖​ ការពង្រីក​បណ្តាញ​ត​ភ្ជាប់អគ្គិសនីជាតិ​ អាច​បន្ថយ​ការប្រើ​ប្រាស់អាគុយ និង​ម៉ាស៊ីន​ភ្លើងម៉ាស៊ូត និង ការពង្រីក​បណ្តាញ​ត​ភ្ជាប់​ទឹក​ស្អាតតាមបំពង់ អាចបន្ថយ​​តម្រូវការ​​អុស​ដើម្បី​ដាំ​ទឹកឆៅ។
លក្ខខណ្ឌ​ការងារ
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​​អនុវត្ត​តាម​ស្តង់ដា​សុវត្ថិភាព​ការងារ និងផ្តល់ការបណ្តុះបណ្តាលអប្បបរមានិងសំភារៈសុវត្ថិភាពដល់បុគ្គលិក។ យើង​ចុះ​ពិនិត្យ​ទីតាំង​​ពេល​សាងសង់ និង​លើក​ឡើងរាល់​ការ​បារម្ភផ្សេងៗ​ជាមួយ​ក្រុមហ៊ុន។ ប្រសិន​​មាន​ក្តី​បារម្ភ​ធ្ងន់ធ្ងរ​ ពាក់ព័ន្ធ​នឹង​សុខភាពនិង​សុវត្ថិភាពការងារ កម្មវិធីរក្សា​សិទ្ធិក្នុងការ​បញ្ចប់​កិច្ចសន្យា។ យើងមានដំណើរការជូនដំណឹងយ៉ាងតឹងរឹងជាស្រេច សំរាប់ករណីមានឧប្បត្តិហេតុការងារនិងសុខភាព។
យ៉េនឌ័រ
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ ដើរតាម​ការប្តេជ្ញា​របស់ ក្រសួងការបរទេសនិងពាណិជ្ជកម្មរបស់ប្រទេសអូស្រ្តាលី (DFAT) ក្នុងការ​ពិចារណា​លើ​យ៉េនឌ័រ​ នៅគ្រប់ផ្នែកនៃ​​កិច្ចប្រតិបត្តិការរបស់​ខ្លួន​។ យើង​ចាប់ផ្តើមជាមួយនឹង ការពិនិត្យ​ឯកសារ​ជាច្រើន និង​​ការ​សិក្សាអំពីយ៉េនឌ័រដោយ​ស្ថាប័ន​ខាងក្រៅ។ យ៉េនឌ័រ​នឹង​ក្លាយ​ជា​​ផ្នែក​មួយ ដែល​មាន​នៅ​គ្រប់​ការ​សិក្សា​អំពី​ផលប៉ះពាល់​​​ទាំងអស់​។ ​
នៅពេល​​​សិក្សា​​សម្មិទ្ធិលទ្ធភាព​​ឲ្យក្រុមហ៊ុន​ទឹក​ថ្មី​ យើង​​នឹង​ពិគ្រោះ​យោបល់​ជាមួយ​អ្នកភូមិ​ទាំងប្រុស​និង​ស្រី ក្នុងការ​រៀបចំ​ផែនការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថ្មី។
​​ភាគរយច្រើននៃក្រុមហ៊ុនដែលទទួលការគាំទ្រពីកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ នឹង​​មាន​ស្ត្រី​ជាម្ចាស់​កម្មសិទ្ធិ​។
ការផ្តល់ជូន​សេវា​ដែល​មាន​គុណភាព
កិច្ចសន្យា​របស់​យើង​ ​តម្រូវ​​ឲ្យ​ក្រុមហ៊ុន​ទឹក និង​​អគ្គិសនី ប្តេជ្ញា​គោរព​តាម​ស្តង់​ដា​​គុណភាពតឹងរឹង។
ប៉ុន្មានឆ្នាំ​ថ្មីៗនេះ ក្រសួង​រ៉ែនិង​ថាមពល ក៏ដូចជា ​​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ពង្រឹង​ច្បាប់​គ្រប់គ្រង​អាជីវករថាមពលនិងទឹក​ឯកជន។ ក្រសួង​ទាំងពីរ​បាន​បង្កើត​ប្រព័ន្ធកំណត់​ថ្លៃទឹក ដែល​អនុញ្ញាតិ​ឲ្យ​អាជីវករ​ អាច​ទទួល​បាន​ចំណូលសងត្រឡប់ពី​ការ​វិនិយោគជាទីពេញចិត្ត ខណៈដែល​អាច​ធានា​បាននូវថ្លៃ​ និង​គុណភាព​សេវាសមស្រប។
Font Resize