ការជំរុញការសាយភាយនៃអត្ថប្រប្រយោជន៍ពីការរីកចំរើនទៅទូទាំងប្រទេសកម្ពុជា

 

២៥​ឆ្នាំ​កន្លង​មក ប្រទេស​កម្ពុជា​បាន​លូត​លាស់ ពី​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជាងគេ​ក្នុង​ពិភព​លោក​ ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​កណ្តាលទាប ប៉ុន្តែ​ការ​លូតលាស់​នេះ ស្ថិត​នៅ​ផ្តុំ​តែ​ជុំវិញទីក្រុង​សំខាន់​ៗ​ប៉ុណ្ណោះ។​​ បច្ចុប្បន្ន កម្ពុជា​កំពុង​ពង្រីក​សេវាកម្ម​មូលដ្ឋាន ដូចជា​ទឹក​ស្អាត និង​អគ្គិសនី​ដែលអាច​ទុក​ចិត្តបាន​ទៅ​ក្រៅ​ទីក្រុង ដើម្បី​ឲ្យប្រជាជន​ទាំង​អស់​អាច​ទទួល​អត្ថប្រយោជន៍​ពី​ការរីក​ចម្រើន។
ការពង្រីក​សេវាកម្ម​មូលដ្ឋាន នឹង​ធ្វើ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន​កម្ពុជា ដែល​រស់នៅ​ក្រៅ​ទី​ប្រជុំ​ជន​ប្រសើរ​ឡើង ហើយ​ការទទួល​បាន​ទឹកស្អាត​ នឹង​ធ្វើឲ្យ​សុខភាព​ពួកគាត់​ប្រសើរ​ជាង​មុន​ជា​ខ្លាំង។ អគ្គិសនី​ដែល​មាន​តម្លៃ​សមរម្យ នឹង​ធ្វើ​ឲ្យ​រោងជាង​និង​រោងចក្រ​ខ្នាត​តូច អាច​ដំណើរ​ការបាន​ច្រើន​ម៉ោង​ជាង​មុន ម្ហូប​អាហារ​អាច​ត្រូវ​បាន​រក្សា​ក្នុង​ទូរ​ទឹក​កក និង​សិស្ស​សាលា​អាច​រៀន​ពេល​យប់​។
២០ឆ្នាំកន្លងមក ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧ភាគរយ ហើយកំណើននេះបានកែប្រែប្រទេសយ៉ាងច្រើន។ ការងារកំពុងកើនឡើងយ៉ាងរហ័ស នៅក្នុង​វិស័យសំណង់ កាត់ដេរ និងទេសចរ​ណ៍ ប៉ុន្តែឱកាសទាំងនេះមិនទាន់បានរីកសាយភាយ ទៅជនបទដែលវិស័យកសិកម្ម នៅតែជាប្រភពចំណូលចំបងនៅឡើយ។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ប្រកាសអនុញ្ញាតិជូនដល់ ៣៦០ ក្រុមហ៊ុនអគ្គិសនីឯកជន ដែលបានភ្ជាប់បណ្ដាញអគ្គិសនីដល់ ១,៨ លានខ្នងផ្ទះ។​ ហើយប្រហែលជា ១៤០ ក្រុមហ៊ុនទៀតដែលទទួលប្រកាសអនុញ្ញាតិ ផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ដល់ផ្ទះប្រជាពលរដ្ឋ។
ក៏ប៉ុន្តៃអាជីវករផ្គត់ផ្គង់ទឹក ​និងអគ្គិសនី​ទាំងនោះ ស្ទាក់ស្ទើរក្នុងការពង្រីកទៅតំបន់ដែលទាមទាររយៈពេលយូរ ដើម្បីទទួលទុនវិនិយោគដំបូងមកវិញ។ បន្ថែមនឹងការចំណាយសាធារណៈលើការសាងសង់និងថែទាំហេដ្ឋារចនាសម្ព័ន្ធមានកំរិតទាប ធ្វើឲ្យមួយផ្នែកធំនៃប្រទេសកម្ពុជា នៅតែមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានប្រើប្រាស់។​
ការស្រាវជ្រាវរបស់យើងខ្ញុំបង្ហាញថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកចំនួនពី ៥០ទៅ១០០  អាចត្រូវបានលើកទឹកចិត្តឲ្យពង្រីក តំបន់គ្របដណ្តប់របស់ពួកគេ ប្រសិនទទួលបានទុនវិនិយោគបន្ថែម។ ការពង្រីកនេះអាចផ្តល់ប្រយោជន៍ដល់គ្រួសារប្រហែល១០០,០០០ ឬប្រជាជនកម្ពុជាប្រមាណ ៥០០,០០០នាក់។
កម្មវិធីវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធ ក៏បានប៉ាន់ប្រមាណថា ការឧបត្ថម្ភធនអាចជួយក្រុមហ៊ុនអគ្គិសនីរហូតដល់៧០ ដើម្បីពង្រីកបណ្តាញរបស់ពួកគេ ​ឬធ្វើឲ្យគ្រួសារក្រីក្រ មានលទ្ធភាពតភ្ជាប់បណ្តាញអគ្គិសនីជាតិ។
យើងខ្ញុំ ក៏កំពុងស្វែងរកវិធីសាស្រ្តលើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុ ឲ្យវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ យើងរកឃើញថា មានការចំណាប់អារម្មណ៍ច្រើន ក្នុងការវិនិយោគក្នុងគម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតធំ ក្រោមលក្ខខណ្ឌត្រឹមត្រូវ។ នៅឆ្នាំបន្តបន្ទាប់ យើងខ្ញុំអាចនឹងពង្រីកសកម្មភាព ទៅវិស័យដ៏ទៃទៀតដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ។
Font Resize