ប្រទេសកម្ពុជា និងអូស្រ្តាលីធ្វើការងាររួមគ្នាដើម្បីភាពរុងរឿងសម្រាប់ទាំងអស់គ្នា

ទំនាក់ទំនងស្អិតរមួតរវាងប្រទេសកម្ពុជានិងអូស្រ្តាលីស៊ីជម្រៅ ក្នុងទស្សវតន៍ឆ្នាំ ១៩៨០ នៅពេលដែលប្រទេសអូស្រ្តាលីឈានមុខ ក្នុងដំណើរការរកសន្តិភាព និងបន្ទាប់មក ក្នុងអាជ្ញាធរអង្គការសហប្រជាជាតិបណ្តោះអាសន្ននៅកម្ពុជា (UNTAC) (១៩៩២-៩៣)។ ប្រទេសអូស្រ្តាលីរក្សាការប្តេជ្ញាយ៉ាងម៉ុតម៉ាំ ក្នុងការបន្តកិច្ចការអភិវឌ្ឍរបស់កម្ពុជា។ ដោយសារបច្ចុប្បន្ន ប្រទេសកម្ពុជាបានរីកចម្រើនក្លាយជាប្រទេស ដែលមានកម្រិតចំណូលមធ្យម រដ្ឋាភិបាលអូស្រ្តាលី កំពុងគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ពីប្រទេសទទួលជំនួយទៅជាដៃគូពាណិជ្ជកម្មវិញ។
ក្រសួងដែលពាក់ព័ន្ធបាន និងកំពុងសម្រេចបាន នូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ក្នុងការភ្ជាប់ភូមិនានាទៅបណ្តាញទឹកស្អាត និងអគ្គិសនី ដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាន។ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាក៏ទទួលស្គាល់ផងដែរថា ថវិការរដ្ឋ មិនអាចឆ្លើយតបតាមតម្រូវការហេដ្ឋារចនាសម្ព័ន្ធដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សឡើយ។ តាមរយៈការចាប់ដៃគូជាមួយវិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជា និង​ អូស្រ្តាលី អាចពង្រឹង និងពង្រីក ការទទួលបានសេវាមូលដ្ឋានទាំងនេះ ទៅដល់ប្រជាជនមួយភាគធំថែមទៀត។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាអង្គភាពរដ្ឋាភិបាលមួយ ដែលទទួលបន្ទុកលើការវិនិយោគបរទេស និងកំពុងតែជាដៃគូអនុវត្តគម្រោងឈានមុខគេរបស់កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើរតួនាទីយុទ្ធសាស្រ្ត និងត្រួតពិនិត្យ។
ការគាំទ្រផ្នែកយុទ្ធសាស្រ្តនិងប្រតិបត្តការ ត្រូវបានផ្តល់ឲ្យ ដោយក្រសួងឧស្សាហម្ម និងសិប្បកម្ម ដែលមានទំនួលខុសត្រូវលើការចែកចាយទឹកស្អាតតាមបំពង់ និងដោយក្រសួងរ៉ែនិងថាមពល ដែលមានទំនួលខុសត្រូវលើផលិតកម្មនិងការចែកចាយអគ្គិសនី។
តាមរយៈការគាំទ្រដល់ក្រុមហ៊ុនឯកជន ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់ពួកគេ រដ្ឋាភិបាលអូស្រ្តាលីកំពុងជួយបន្តមហិច្ឆតារបស់កម្ពុជា ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និងធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន។ ផ្នែកមួយដ៏សំខាន់នៃជំនួយនេះ គឺកំពុងតែត្រូវបានផ្តល់ឲ្យតាមរយៈមូលនិធិរបស់ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងជំរុញឲ្យក្រុមហ៊ុននានាពង្រីកសេវារបស់ខ្លួន ទៅតំបន់ដែលបច្ចុប្បន្នមិនទាន់បត្រូវបានតភ្ជាប់។