សំនួរដែលត្រូវបានសួរជាញឹកញាប់

 

សំណួរទី១៖ ហេតុអ្វីបានជា ទីតាំងដែលប្រើទឹកក្រោមដីមិនត្រូវលក្ខខណ្ឌស្នើសុំជំនួយ?

3i កំពុងធ្វើការសិក្សាពីទឹកក្រោមដី ដើម្បីយល់អោយកាន់តែច្បាស់ពីនិរន្តភាពនៃទឹកក្រោមដី។ នេះជាមូលហេតុដែល 3i មិនទាន់ផ្តល់ជំនួយអោយក្រុមហ៊ុន ដែលប្រើប្រភពទឹកក្រោមដីក្នុងខណៈពេលនេះ។ ផ្អែកលើលទ្ធផលស្រាវជ្រាវ 3i អាចនឹងផ្តល់ជំនួយដល់ក្រុមហ៊ុនដែលប្រើប្រាស់ទឹកក្រោមដីក្នុងពេលខាង មុខ។

សំណួរទី២៖ ចុះប្រសិនបើទីតាំងមួយ មានតែជម្រើសទឹកក្រោមដី ពីព្រោះថាស្រះ មិនអាចស្តុកទឹកគ្រប់គ្រាន់សម្រាប់រដូវប្រាំង ហើយជម្រើសជីកស្រះត្រូវការទុនវិនិយោគធំ?

បុគ្គលិកបច្ចេកទេស3i នឹងចុះពិនិត្យជម្រើសប្រភពទឹកជាក់ស្តែងនៅក្នុងតំបន់នោះ។ ប្រសិនបើពិតជាគ្មានជម្រើសផ្សេងក្រៅពីទឹកក្រោមដីមែន យើងនឹងមិន ផ្តល់ជំនួយទេ។ ក៏ប៉ុន្តែបើការសិក្សា ឃើញថាអាចថាការជីកស្រះអាចជាជម្រើសមួយផ្សេងទៀត 3i នឹងស្នើអោយប្រតិបត្តករវិនិយោគលើការជីកស្រះ ហើយ3i នឹងផ្តល់បដិភាគលើការជីកស្រះនោះ (តែមិនបូករួមទាំងតំលៃដីទេ)។

សំណួរទី​៣៖ ខ្ញុំទទួលបានប្រកាស ២០ថ្ងៃ ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួចហើយ តើខ្ញុំអាចស្នើសុំជំនួយបានទេ?

វាអាស្រ័យទៅលើលក្ខខណ្ឌថា តើប្រកាសទទួលបាននៅពេលណា។ ប្រសិនបើទទួលបានមុនថ្ងៃទី ២១ ខែមិថុនា នោះពាក្យស្នើសុំគឺមិនត្រូវតាមលក្ខខណ្ឌ ទេ។​ ប៉ុន្តែបើសិនបានក្រោយថ្ងៃទី២១ ខែមិថុនា នោះពាក្យស្នើសុំត្រូវតាមលក្ខខណ្ឌ។ សូមមេត្តាកុំច្រលំរវាង ការអនុញ្ញាតិលើការសិក្សាសមិទ្ធិលទ្ធភាព និងព្រាងប្រកាស ២០ ថ្ងៃ។ ពីរហ្នឹងគឺខុសគ្នា។

សំណួរទី៤៖​ 3i បាននិយាយថា ជំនួយគឺសម្រាប់ការសាងសង់អាងប្រព្រឹត្តកម្ម អាងស្តុក និងបណ្តាញទុយោ។ តើ 3i នឹងបូកបញ្ចូលការវិនិយោគ ផ្សេងៗទៀតក្នុងការគណនាជំនួយដែរឬទេ?

សមិទ្ធិផលទាំងបីធំៗដែលយើងបានលើកឡើង គឺជាអ្វីដែលយើងត្រូវត្រួតពិនិត្យ។ ក៏ប៉ុន្តែការគណនាទុនវិនិយោគសរុប យើងបូកបញ្ចូលទាំងការវិនិយោគ សំខាន់ៗផ្សេងៗទៀតសម្រាប់ការវិនិយោគមួយមាន ដូចជា តម្លៃជីកស្រះ អាងប្រព្រឹត្តិកម្ម អាងស្តុក បណ្តាញទុយោ តំលៃភ្ជាប់អគ្គីសនី ម៉ូទ័របូម សំភារៈ ការិយាល័យ។ល។ ប៉ុន្តែរាល់តំលៃដីដែលត្រូវការសម្រាប់ជីកស្រះ សាងសង់ស្ថានីយ៍បូមទឹក ឬការិយាល័យ មិនត្រូវបានបូកបញ្ចូលទេ។ ការចំណាយសម្រាប់ ការត្រួតពិនិត្យសំណង់ក៏មិនត្រូវបានរួមបញ្ចូលដែរ។

សំណួរទី ៥៖ តើ 3i តម្រូវអោយម្ចាស់អាជីវកម្ម ធ្វើការវិនិយោគទាំងស្រុង ឬក៏ដៃគូអាជីកម្មផ្សេងទៀតអាចចូលរួមបានដែរ?

យើងអនុញ្ញាតអោយមានសហវិនិយោគ ក៏ប៉ុន្តែប្រសិនបើមានដៃគូដែលចូលរួមវិនិយោគជាមួយ ប្រតិបត្តិករត្រូវប្រកាសឈ្មោះនិងព័ត៌មានលម្អិតផ្សេងៗរបស់ ពួកគេទាំងអស់ក្នុងការត្រួតពិនិត្យសាវតាស៊ីជម្រៅ នៅពេលយើងធ្វើការជាមួយគ្នា។

សំនួរទី៦៖ តើ3i នឹងផ្តល់ជំនួយទេ ប្រសិនបើប្រតិបត្តិករមានសមត្ថភាពអាចធ្វើតេស្តសមត្ថភាពអណ្តូង និងអាចប្រាកដថាមានធារទឹកគ្រប់គ្រាន់សម្រាប់ការ ផ្គត់ផ្គង់?

ទេ 3i នឹងមិនផ្តល់ជំនួយទេ។ ដូចដែលបានលើកឡើងខាងលើ ទោះបីជាធារទឹកគ្រប់គ្រាន់ក្នុងខណៈពេលនេះ វានៅតែមិនមានការធានាលើនិរន្តភាព និងផល ប៉ះពាល់អវិជ្ជមានដល់អ្នកប្រើប្រាស់ផ្សេងទៀតនៅក្នុងរយៈពេលយូរទេ។ ដូច្នេះ 3i ត្រូវធ្វើការសិក្សាបន្ថែមទៀតលើបញ្ហានេះមុនពេល3iផ្តល់ការ គាំទ្រដល់ គម្រោងដែលប្រើទឹកក្រោមដី។

សំនួរទី៧៖ តើ3i គណនារយៈពេលស្រង់ដើម៧ឆ្នាំដោយរបៀបណា? ប្រសិនបើរយៈពេលស្រង់ដើមយូរជាង៧ឆ្នាំ តើ3iនឹងជួយទេ?

3i មានម៉ូឌែលហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ផ្ទៃក្នុងដើម្បីគណនារយៈពេលស្រង់ដើម និងជំនួយ។ ប្រសិនបើរយៈពេលស្រង់ដើមនៃការវិនិយោគតិចជាង៧ឆ្នាំ 3iនឹងមិនផ្តល់ជំនួយទេ។ ប៉ុន្តែប្រសិនបើរយៈពេលស្រង់ដើមនៃ ការវិនិយោគយូរជាង៧ឆ្នាំ 3iនឹងផ្តល់ជំនួយដើម្បីបន្ថយរយៈពេលស្រង់ដើមមកនៅ៧ឆ្នាំវិញ។ ជំនួយក៏ត្រូវកំ​ ណត់ដោយចំនួនអតិបរមា ៦៥ដុល្លារអាមេរិកក្នុងមួយតំណសក្តានុពល និង​៦០% នៃការវិនិយោគសរុបដំបូង។

សំនួរទី៨៖ តើ3iនឹងគិតបញ្ចូលពន្ធនៃការសាងសង់នៅក្នុងការគណនាដែរឬទេ?

ទេ 3iនឹងមិនគិតបញ្ចូលទេ។ 3i គិតបញ្ចូលតែចំណាយលើពន្ធប៉ាតង់នៅក្នុងការគណនា។ ពន្ធអាករលើតម្លៃបន្ថែម និងពន្ធផ្សេងៗទៀតគឺជាទំនួលខុសត្រូវ របស់ប្រតិបត្តិករ។

សំនួរទី៩៖ តើប្រតិបត្តិករអាចប្រើប្រភពទឹកសាធារណៈបានដែរឬទេ?

3i នឹងសិក្សាសមត្ថភាពនៃ​ប្រភពទឹកសាធារណៈនោះ និងសិក្សាពីផលប៉ះពាល់ចំពោះអ្នកប្រើប្រាស់ដទៃដែលអាស្រ័យផលលើប្រភពទឹកនោះ។ ជាធម្មតា ប្រតិបត្តិករអាចយកទឹកពីប្រភពទឹកសាធារណៈប្រសិនបើវាមានសមត្ថភាពគ្រប់គ្រាន់ ហើយប្រតិបត្តិករអាចសុំការអនុញ្ញាតពីអាជ្ញាធរដែលពាក់ព័ន្ធ។

សំនួរទី១០៖ តើជំនួយលើបណ្តាញត្រូវចងភ្ជាប់នឹងជំនួយលើហេដ្ឋារចនាសម្ព័ន្ធ ឬវាដាច់ដោយឡែកពីគ្នា?

បាទ/ចាស! វាត្រូវបានចងភ្ជាប់នឹងជំនួយលើហេដ្ឋារចនាសម្ព័ន្ធ។ មានតែប្រតិបត្តិករដែលត្រូវលក្ខខណ្ឌចូលរួមសម្រាប់ជំនួយលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះ ដែលអាចទទួលជំនួយលើបណ្តាញពី3i។

សំនួរទី១១៖ 3i តម្រូវអោយគំនួរនៃការសាងសង់គូរដោយក្រុមហ៊ុនដែលអាចទុកចិត្តបាន។ តើក្រុមហ៊ុនបែបណាដែលចាត់ទុកថាជា ”ក្រុមហ៊ុនដែលអាច ទុកចិត្តបាន”?

ជាធម្មតា​ 3iនឹងអោយបញ្ជីឈ្មោះក្រុមហ៊ុនទៅប្រតិបត្តិករដើម្បីជ្រើសរើស។ ប៉ុន្តែប្រតិបត្តិករក៏មានសេរីភាពក្នុងការជ្រើសរើសក្រុមហ៊ុន ផ្សេងទៀតដែលពួក គេទុកចិត្តអោយធ្វើការងារនេះ។ ប៉ុន្តែគំនួរនៃការសាងសង់ចុងក្រោយត្រូវតែឆ្លងកាត់ការត្រួតពិនិត្យដោយបុគ្គលិកបច្ចេកទេស3i។

សំនួរទី១២៖  តើកិច្ចសន្យាជាមួយ 3i មានសុពលភាពប៉ុន្មានឆ្នាំ? តើសេវាករអាចចុះកិច្ចសន្យាដែលមានសុពលភាពយូរជាងនេះបានទេ?

កិច្ចសន្យាជាមួយ3i ជាទួទៅមានសុពលភាពមួយឆ្នាំកន្លះ។ សេវាករអាចចុះកិច្ចសន្យាបានយូរជាងនេះ លុះត្រាតែការវិនិយោគនោះមានទំហំធំយ៉ាងខ្លាំង។ ក្នុងករណីនេះ 3iនឹងពិចារណាចុះកិច្ចសន្យាដែលមានរយៈពេល២ឆ្នាំ។

សំនួរទី១៣៖  តើសេវាករត្រូវសាងសង់អ្វីទាំងអស់ដែរ ឬទេ មុននឹងទទួលជំនួយពី3i?

ជាទូទៅ កិច្ចសន្យារវាងសេវាករនិង3i នឹងត្រូវបែងចែកជាជំហាននៃសំណង់ទាំងមូល។ នៅពេលសេវាករសម្រេចបានជំហានណាមូយនិងការសាងសង់ត្រូវ តាមអ្វីដែលមានចែងក្នុងកិច្ចសន្យា 3iនឹងផ្តល់ថវិកាជំនួយឲ្យ។

ក្នុងការគណនាថវិកាជំនួយ 3i នឹងរាប់បញ្ចូលរាល់ការវិនិយោគធំតូចទាំងអស់។ ប៉ុន្តែសម្រាប់ការត្រួតពិនិត្យលទ្ធផលជាក់ស្តែងក្នុងការទូទាត់ថវិកាជំនួយ 3i ត្រួតពិនិត្យតែការវិនិយោគធំៗប៉ុណ្ណោះ ដូចជា អាងប្រព្រឹត្តកម្មទឹក អាងស្តុកទឹក​ និងទុយោមេ។ ថវិកាជំនួយជំហានចុងក្រោយ អាចប្រើប្រាស់សម្រាប់ការ វិនិយោគបាន។

សំនួរទី១៤៖  តើកិច្ចសន្យាផ្អែកលើលទ្ធផលជាក់ស្តែង ត្រូវបានតាក់តែងយ៉ាងដូចម្តេច? តើលទ្ធផលនិមួយៗត្រូវមានលំដាប់លំដោយយ៉ាងដូចម្តេច?

កិច្ចសន្យាផ្អែកលើលទ្ធផលជាក់ស្តែង គឺតាក់តែងឡើងតាមជំហាននៃការសាងសង់ ហើយថវិកាជំនួយគឺផ្តល់ដល់សេវាករដោយផ្អែកលើការសម្រេចបាននៃ លទ្ធផលជាក់ស្តែងរបស់ជំហានមួយៗ។ នៅពេលចុះកិច្ចសន្យា 3i និងធ្វើការចចារជាមួយសេវាករដើម្បីកំណត់លទ្ធផល ដែលត្រូវពិនិត្យសម្រាប់ការទូទាត់ ជំនួយក្នុងតំណាក់កាលនីមួយៗ។

ប្រសិនបើទីតាំងសុំជំនួយមិនទាន់មានស្ថានីយ៍ប្រព្រឹត្តកម្មទឹក​ 3i តម្រូវឲ្យសេវាករសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកមុននឹងដាក់ប្រព័ន្ធទុយោដើម្បីធានាថា ថវិការជំនួយរបស់ 3i នឹងមិនត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទឹកមិនស្អាតដល់ប្រជាជននោះទេ ។

សំនួរទី១៥៖  តើ 3i គណនាទំហំជំនួយសម្រាប់ការវិនិយោគមួយយ៉ាងដូចម្តេច?

3i បានសិក្សាទីផ្សារដើម្បីដឹងអំពីការចំណាយសម្រាប់ការសាងសង់និងដំណើរការហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតតាមបំពង់។ តាមរយៈការសិក្សានេះ 3i បាន បង្កើតរូបមន្តមួយសម្រាប់គណនាអំពីទុនវិនិយោគដែលត្រូវការ និងចំនូលត្រលប់មកវិញ។ សម្រាប់ជុំជំនួយនេះ 3i នឹងគណនាទំហំជំនួយដើម្បីធ្វើឲ្យការ វិនិយោគមួយ ទទួលទុនវិនិយោគត្រឡប់មកវិញនៅត្រឹមរយៈពេល៧ឆ្នាំ។

សំនួរទី១៦៖  តើនឹងមានអ្វីកើតឡើង ប្រសិនបើសេវាករសាងសង់អ្វីមួយខុសពីលទ្ធផលដែលត្រូវបានចែងក្នុងកិច្ចសន្យា?

សេវាករតែងតែអនុញ្ញតិឲ្យសាងសង់សំណង់ធំជាងឬល្អជាងអ្វីដែលបានចែងក្នុងកិច្ចសន្យា។ ប្រសិនជាសាងសង់តូចជាងនោះ 3i និងពិនិត្យថាតើវាអាចទទួល បានត្រឹមកំរិតណា។ ការពិភាក្សានឹងត្រូវធ្វើឡើងក្នុងករណីនេះ។ ក្នុងករណីសេវាករចង់សាងសង់អ្វីខុសពីកិច្ចសន្យា សេវាករត្រូវជូនដំណឹងមក 3i ជាមុន។

សំនួរទី១៧៖  តើ3i​ ផ្តល់ជំនួយសម្រាប់ភ្ជាប់បណ្តាញទឹកយ៉ាងដូចម្តេច?

3i ​ ផ្តល់ជំនួយសម្រាប់ភ្ជាប់បណ្តាញទឹកដល់ភូមិណាដែលមិនទាន់មានបណ្តាញប្រព័ន្ធទុយោចែកចាយ ហើយជំនួយនេះគឺផ្តល់ឲ្យតែគ្រួសារណាដែលមាន ប័ណ្ណក្រីក្រប៉ុណ្ណោះ។ ប័ណ្ណក្រីក្រមួយគឺសម្រាប់តែមួយតំណប៉ុណ្ណោះ។ ថវិកាជំនួយគឺផ្តល់ទៅសេវាករផ្ទាល់ មិនមែនទៅគ្រួសារក្រីក្រឡើយ។

សំនួរទី១៨៖  តើមានរយៈពេលយូរប៉ុណ្ណា សម្រាប់គម្រោងមួយធ្វើការរហូតដល់ពេលចុះកិច្ចសន្យា?

រយៈពេលអាចខុសគ្នាពីសេវាករមួយទៅសេវាករមួយទៀត។ កត្តាដែលអាចពន្យាដល់ការធ្វើការ រួមមាន៖

  • សេវាករពុំដឹងពីតំបន់សេវាកម្មរបស់ខ្លួនជាក់លាក់
  • សេវាករពុំទាន់មានទីតាំងជាក់លាក់សម្រាប់សាងសង់អាងប្រព្រឹត្តកម្ម
  • សេវាករមានបញ្ហាជាមួយដៃគូរវិនិយោគ
  • ប្រភពទឹកពុំមានគ្រប់គ្រាន់ ហើយតម្រូវអោយមានការសិក្សាបន្ថែម

 

សំនួរទី១៩៖  តើសេវាករម្នាក់អាចសុំជំនួយសម្រាប់តំបន់សេវាកម្មលើសពីមួយកន្លែងបានទេ?

បាន ប៉ុន្តែសូមសរសេរឈ្មោះឃុំដែលចង់ស្នើសុំទាំងអស់ក្នុងពាក្យសុំជំនួយ។

សំនួរទី២០៖  នៅពេលណាដែល3iផ្តល់ជំនួយ សម្រាប់ខេត្តផ្សេងៗទៀត?

នៅពេល 3i ដំណើរការគម្រោងសម្រាប់ជុំនេះបានហើយភាគច្រើន ដើម្បីនឹងអាចបន្តទៅចាប់ផ្តើមជុំថ្មី។