
ការតភ្ជាប់ប្រជាជនកម្ពុជាទៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺជាកម្មវិធីដែលមានរយៈពេល ៥ ឆ្នាំ និងដែលរំពឹងថានឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ឲ្យបានដល់ប្រជាជនកម្ពុជាប្រមាណជាមួយលាននាក់។ កម្មវិធីនឹងផ្តល់ការឧបត្ថមធនសម្រាប់វិនិយោគទៅក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដោយប្រើប្រាស់មូលនិធិវិនិយោគ ២៧ លានដុល្លាអូស្រ្តាលីរបស់យើង (ឬ ប្រហែល ២០ លានដុល្លាសហរដ្ឋអាមេរិក)។
ការជំរុញការសាយភាយនៃអត្ថប្រយោជន៍ពីការរីកចំរើនទៅទូទាំងប្រទេសកម្ពុជា
២៥ឆ្នាំកន្លងមក ប្រទេសកម្ពុជាបានលូតលាស់ ពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្រជាងគេក្នុងពិភពលោក ទៅជាប្រទេសដែលមានចំណូលកណ្តាលទាប ប៉ុន្តែការលូតលាស់នេះ ស្ថិតនៅផ្តុំតែជុំវិញទីក្រុងសំខាន់ៗប៉ុណ្ណោះ។ បច្ចុប្បន្ន កម្ពុជាកំពុងពង្រីកសេវាកម្មមូលដ្ឋាន ដូចជាទឹកស្អាត និងអគ្គិសនីដែលអាចទុកចិត្តបានទៅក្រៅទីក្រុង ដើម្បីឲ្យប្រជាជនទាំងអស់អាចទទួលអត្ថប្រយោជន៍ពីការរីកចម្រើន។
ការពង្រីកសេវាកម្មមូលដ្ឋាន នឹងធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដែលរស់នៅក្រៅទីប្រជុំជនប្រសើរឡើង ហើយការទទួលបានទឹកស្អាត នឹងធ្វើឲ្យសុខភាពពួកគាត់ប្រសើរជាងមុនជាខ្លាំង។ អគ្គិសនីដែលមានតម្លៃសមរម្យ នឹងធ្វើឲ្យរោងជាងនិងរោងចក្រខ្នាតតូច អាចដំណើរការបានច្រើនម៉ោងជាងមុន ម្ហូបអាហារអាចត្រូវបានរក្សាក្នុងទូរទឹកកក និងសិស្សសាលាអាចរៀនពេលយប់។
ហេតុអ្វីពួកយើងធ្វើការជាមួយវិស័យឯកជន
ពេលស្រាវជ្រាវដំបូង យើងខ្ញុំបានឃើញយ៉ាងជាក់ស្តែងថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធឯកជនក្នុងប្រទេសកម្ពុជា កំពុងអាក់ខាន ដោយសារស្ទើរតែគ្រប់ទីតាំង ដែលផ្តល់ផលចំណេញល្អបំផុតពីការវិនិយោគ ត្រូវបានគ្របដណ្ដប់រួចទៅហើយ។ បើគ្មានការគាំទ្របន្ថែម ការផ្តល់សេវាកម្មពីវិស័យឯកជន ស្ទើរតែខិតដល់ដែនកំណត់ទៅហើយ។
យើងបានសាកសួរសហគ្រិនខ្មែរ នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាតើអ្វីដែលកំពុងរារាំងការពង្រីកសេវាកម្មរបស់ពួកគេ ហើយគាត់បានឆ្លើយថា៖ លុយ! អ្នកខ្លះមានគម្រោងដែលផ្តល់ចំណេញមកវិញល្អ ប៉ុន្តែមានបញ្ហាក្នុងការស្វែងរកទុនដែលត្រូវការ។
សម្រាប់អ្នកដទៃទៀត ការគាំទ្រផ្នែកហិរញ្ញវត្ថុ ជាតម្រូវការចាំបាច់ ដើម្បីឲ្យការពង្រីកជំនួញរបស់ពួកគេកាន់តែមានភាពទាក់ទាញ និងនិរន្តភាព។
កម្មវិធីយើងខ្ញុំ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការឧបត្ថម្ភធន ដែលនឹងជួយបំពេញការវិនិយោគរបស់វិស័យឯកជន និងធ្វើឲ្យអាជីវកម្មមានភាពទាក់ទាញ និងនិរន្តរភាព។
គោលការណ៍របស់យើង
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាកម្មវិធីដែលមានភាពបត់បែន ហើយត្រូវបានរៀបចំឡើងដើម្បីសម្របទៅតាមការប្រែប្រួលនៃកាលៈទេសៈ និងអាទិភាព។
យើងមិនមានតារាងសកម្មភាព ឬគម្រោងត្រូវអនុវត្តមុនបញ្ចប់កម្មវិធី ដែលត្រូវបានអនុម័តទុកមុននោះឡើយ។
គោលការណ៍ដឹកនាំរបស់យើងខ្ញុំ ត្រូវបានអនុម័តដោយរដ្ឋាភិបាលអូស្រ្តាលី និងកម្ពុជា ហើយរួមមានដូចខាងក្រោម៖
-
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អាចវិនិយោគតែលើគម្រោងណាដែលមិនអាចកើតឡើងបាន ប្រសិនបើគ្មានការគាំទ្ររបស់យើង ហើយយើងនឹងមិនផ្តល់ជំនួយ លើសពីជំនួយអប្បរមាត្រូវការដើម្បីធ្វើឲ្យក្រុមហ៊ុនវិនិយោគឡើយ។
-
យើងនឹងផ្តល់អាទិភាព ដល់គម្រោងណាដែលផ្តល់ផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចអតិបរមា និងដែលផ្តល់ផលខ្ពស់បំផុតពីការចំណាយមួយឯកតារបស់យើង។
-
យើងអាចគាំទ្រតែគម្រោងណា ដែលមាននិរន្តរភាព មានន័យថាវានឹងនៅតែដំណើរការ បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់។ យើងប្រើយន្តការដែលមានភាពស្មើភាព និងតម្លាភាព ដើម្បីជ្រើសរើសគម្រោងដែលធ្វើឲ្យការរស់នៅមានភាពប្រសើរឡើង និងមានផលប៉ះពាល់អវិជ្ជមានតិចបំផុត។
-
យើងអាចគាំទ្រតែក្រុមហ៊ុនណាដែលមានកេរ្ត៍ឈ្មោះល្អ និងគោរពតាមច្បាប់ទាំងអស់។
ការជ្រើសរើសក្រុមហ៊ុនដែលត្រឹមត្រូវ
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្តេជ្ញាធានាថាគម្រោងសក្តានុពលទាំងអស់ ឆ្លើយតបនឹងស្តង់ដាបរិស្ថាន របស់អូស្រ្តាលី និងកម្ពុជា។ យើងក៏តម្រូវឲ្យក្រុមហ៊ុនដែលយើងគាំទ្រ គោរពតាមលក្ខខណ្ឌការងារសុវត្តិភាព ច្បាប់និងបទបញ្ញត្តិរបស់កម្ពុជា។
ការត្រួតពិនិត្យសាវតាររបស់យើង អង្កេតលើកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនដែលប្រើប្រាស់កម្លាំងពលកម្មកុមារ គេចពន្ធ ឬពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ឬសកម្មភាពប្រឆាំងសង្គម នឹងត្រូវដកចេញពីការទទួលជំនួយ។
ការភ្ជាប់បណ្តាញអគ្គិសនីជាតិទៅជនបទ
ការទទួលបានអគ្គិសនីប្រើប្រាស់ នៅតែជាបញ្ហាប្រឈមធំមួយ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយបច្ចុប្បន្នមានប្រជាជនតិចជាង ៦០% ភ្ជាប់បណ្តាញអគ្គិសនីជាតិ (យោងរបាយការណ៍ EDC 2016)។ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំយកអគ្គិសនីទៅតំបន់ដាច់ស្រយ៉ាល និង មានការអភិវឌ្ឍទាបក្នុងប្រទេស។
ការស្រាវជ្រាវរបស់យើងបានបង្ហាញថា ការឧបត្ថមធនអាចជំរុញឲ្យក្រុមហ៊ុនអគ្គិសនីមានស្រាប់ ប្រមាណ៦០ពង្រីកបណ្តាញរបស់ខ្លួន និងនាំយកអគ្គិសនីដែលមានតម្លៃសមរម្យដល់សហគមន៍ ដែលសព្វថ្ងៃកំពុងពឹងផ្អែកលើម៉ាស៊ីនភ្លើងម៉ាស៊ូត ឬឥន្ធនៈបំពុលផ្សេងៗដែលមានតម្លៃខ្ពស់។
ដោយមានការសហការជាមួយភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធ យើងខ្ញុំបានបង្កើតសកម្មភាពគាំទ្រជាច្រើន ដែលនឹងទាក់ទាញការវិនិយោគ ទៅតំបន់ដែលមានដង់ស៊ីតេប្រជាជនទាប។ សកម្មភាពមានពីរធំៗ គឺការឧបត្ថមធនលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់បណ្តាញរបស់ប្រជាជន។
ការនាំយកទឹកស្អាតតាមបំពង់ដល់ប្រជាជនកម្ពុជាបន្ថែមទៀត
នៅប្រទេសកម្ពុជា ទឹកត្រូវបានចែកចាយ តាមរយៈក្រុមហ៊ុន ដែលទទួលប្រកាសអនុញ្ញាតិចែកចាយពីក្រសួងឧស្សាហកម្មនិងសិប្បកម្ម។ នៅឆ្នាំ២០១៦ មានក្រុមហ៊ុនដូចនេះចំនួន ១៣៧ ដែលកំពុងចែកចាយទឹកស្អាតតាមបំពង់ ដល់រាប់ពាន់គ្រួសារ។
ទោះជាយ៉ាងណា គ្រួសារភាគច្រើននៅក្រៅទីប្រជុំជនធំៗ នៅមិនអាចភ្ជាប់ទឹកស្អាតប្រើប្រាស់នៅឡើយ។ តាមការប៉ាន់ស្មានរបស់យើង មានក្រុមហ៊ុនផ្សេងទៀតប្រមាណពី ៥០ ទៅ ១០០ ដែលអាចផ្គត់ផ្អង់ទឹកស្អាតតាមលក្ខណៈអាជីវកម្ម ដល់គ្រួសារច្រើនជាង ១០០.០០០បន្ថែមទៀត។
ផ្អែកលើការពិភាក្សាជាមួយក្រសួង យើងបានសម្រេចផ្តល់ការលើកទឹកចិត្តដល់ការវិនិយោគឯកជនបន្ថែមដោយក្រុមហ៊ុន តាមរយៈការជំនួយពីរប្រភេទ។ ប្រភេទទីមួយគឺសម្រាប់ក្រុមហ៊ុនដែលយល់ព្រមកែរលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដែលមានស្រាប់ និងមួយទៀតសម្រាប់ឃុំ ដែលមិនទាន់មានក្រុមហ៊ុនធ្វើអាជីវកម្មទឹកស្អាតនៅឡើយ។
ប្រទេសកម្ពុជា និងអូស្រ្តាលីធ្វើការងាររួមគ្នាដើម្បីភាពរុងរឿងសម្រាប់ទាំងអស់គ្នា
ទំនាក់ទំនងស្អិតរមួតរវាងប្រទេសកម្ពុជានិងអូស្រ្តាលីស៊ីជម្រៅ ក្នុងទស្សវតន៍ឆ្នាំ ១៩៨០ នៅពេលដែលប្រទេសអូស្រ្តាលីឈានមុខ ក្នុងដំណើរការរកសន្តិភាព និងបន្ទាប់មក ក្នុងអាជ្ញាធរអង្គការសហប្រជាជាតិបណ្តោះអាសន្ននៅកម្ពុជា (UNTAC) (១៩៩២-៩៣)។ បន្ទាប់ពីកម្ពុជាមានការរីកចម្រើនជានិរន្តរភាពក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសអូស្រ្តាលីបានកំពុងធានាថាជំនួយអភិវឌ្ឍរបស់ខ្លួនមានការបត់បែនទៅតាមបរិយាកាសសង្គមនិងសេដ្ឋកិច្ចដែលផ្លាស់ប្តូរយ៉ាងលឿនរបស់កម្ពុជា តាមរយៈការបង្កើនការយកចិត្តទុកដាក់ទៅលើភាពជាដៃគូផ្នែកសេដ្ឋកិច្ច ការធ្វើការជិតស្និតជាងមុនជាមួយផ្នែកឯកជន និងលើកកំពស់ដល់ការផ្តល់ជំនួយរបស់ប្រទេសអូស្រ្តាលីដែលមានភាពច្នៃប្រឌិត។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាអង្គភាពរដ្ឋាភិបាលមួយ ដែលទទួលបន្ទុកលើការវិនិយោគបរទេស និងកំពុងតែជាដៃគូអនុវត្តគម្រោងឈានមុខគេរបស់កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើរតួនាទីយុទ្ធសាស្រ្ត និងត្រួតពិនិត្យ។
ការគាំទ្រផ្នែកយុទ្ធសាស្រ្តនិងប្រតិបត្តការ ត្រូវបានផ្តល់ឲ្យ ដោយក្រសួងឧស្សាហម្ម និងសិប្បកម្ម ដែលមានទំនួលខុសត្រូវលើការចែកចាយទឹកស្អាតតាមបំពង់ និងដោយក្រសួងរ៉ែនិងថាមពល ដែលមានទំនួលខុសត្រូវលើផលិតកម្មនិងការចែកចាយអគ្គិសនី។
តាមរយៈការគាំទ្រដល់ក្រុមហ៊ុនឯកជន ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់ពួកគេ រដ្ឋាភិបាលអូស្រ្តាលីកំពុងជួយបន្តមហិច្ឆតារបស់កម្ពុជា ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និងធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន។ ផ្នែកមួយដ៏សំខាន់នៃជំនួយនេះ គឺកំពុងតែត្រូវបានផ្តល់ឲ្យតាមរយៈមូលនិធិរបស់ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងជំរុញឲ្យក្រុមហ៊ុននានាពង្រីកសេវារបស់ខ្លួន ទៅតំបន់ដែលបច្ចុប្បន្នមិនទាន់បត្រូវបានតភ្ជាប់។
ការប្រើប្រាស់មូលនិធិដោយការទទួលខុសត្រូវ
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យប្រាកដថាថវិការជំនួយ នឹងត្រូវបានផ្តល់សម្រាប់តែសមិទ្ធិផលដែលត្រូវបានព្រមព្រៀងជាមុន និងពុំមានការលេចធ្លាយ ឬការខុសឆ្គងក្នុងការប្រើប្រាស់មូលនិធិ។ ការធានានេះមានក្នុងគ្រប់ជំហាននៃដំណើរការជ្រើសរើស និងផ្តល់ថវិការជំនួយ៖
១. គណៈកម្មាធិការគ្រប់គ្រងកម្មវិធី ដែលមានសមាជិកមកពីរាជដ្ឋាភិបាលកម្ពុជា និង ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលអូស្រ្តាលី អនុម័តប្រភេទនៃការផ្តល់ការគាំទ្រ។
២. ក្រសួងដែលពាក់ព័ន្ធអនុម័តលក្ខខណ្ឌក្នុងការជ្រើសរើស។
៣. កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រកាសរកចំណាប់អារម្មណ៍ក្នុងការទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុ។
៤. គណៈកម្មាធិការត្រួតពិនិត្យ ដែលជាក្រុមអ្នកជំនាញឯករាជ្យ ពិនិត្យគ្រប់សំណើសុំការគាំទ្រទាំងអស់ ដោយពិនិត្យមើលថាតើវាស្របតាមគោលការណ៍ និងដំណើរការដែលបានព្រមព្រៀងទាំងអស់ឬទេ និងថាតើបរិមាណឧបត្ថមធនលើការវិនិយោគ មានភាពសមរម្យឬទេ។
គោលការណ៍ណែនាំអំពីលទ្ធកម្ម និងការផ្តល់ជំនួយរបស់រដ្ឋាភិបាលអូស្រា្តលី គឺជាមូលដ្ឋានក្នុងការផ្តល់ជំនួយរបស់យើង។
ការផ្តល់ថវិកាជំនួយដោយផ្អែកលើសមិទ្ធផលជាក់ស្តែង គឺជាយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យសំខាន់មួយទៀត។ ថវិកាជំនួយនឹងត្រូវបានផ្តល់ នៅពេលសមិទ្ធផលដូចជាអាងអាកាស ឬបណ្តាញអគ្គិសនីក្នុងប្រវែងជាក់លាក់ណាមួយត្រូវបានសាងសង់ហើយ។ កិច្ចសន្យាផ្អែកលើសមិទ្ធផលមានន័យថាក្រុមហ៊ុនដែលមិនបានសម្រេចសមិទ្ធផលទៅតាមអ្វីដែលបានព្រមព្រៀង នឹងមិនត្រូវបានផ្តល់ថវិកាជំនួយនោះទេ។
ការវាយតម្លៃលទ្ធផល
ការតភ្ជាប់ទៅនឹងហេដ្ឋារចនាសម័្ពន្ធមូលដ្ឋានដូចជាទឹកនិងអគ្គិសនី មានសារៈសំខាន់ណាស់ ដើម្បីអនុញ្ញាតឲ្យការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រីកសាយភាយលើសពីទីប្រជុំជនធំៗ។ ក្រុមហ៊ុនត្រូវការ ហេដ្ឋារចនាសម័្ពន្ធមូលដ្ឋានដែលអាចទុកចិត្តបាន ដើម្បីអាចចាប់ផ្តើមអាជីវកម្មនិងវិនិយោគនៅជនបទ។
ការតភ្ជាប់ទឹកស្អាត និងអគ្គិសនីដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ នឹងធ្វើឲ្យគុណភាពជីវិតជនបទប្រសើរឡើងនូវ។ កុមារ និងមនុស្សធំ នឹងឈឺតិចជាងមុន គ្រួសារចំណាយពេលតិចជាងមុនដើម្បីទទួលបានទឹក ប្រេងឥន្ធនៈតិចជាងមុននឹងត្រូវបានប្រើប្រាស់ដើម្បីដាំស្ល កុមារនឹងអាចរៀននៅពេលយប់ ហើយការប្រើប្រាស់ម៉ាស៊ីនភ្លើងដើរដោយប្រេងម៉ាស៊ូតនឹងកាន់តែថយចុះ។
ការផ្លាស់ប្តូរនេះបានកើតឡើងហើយនៅផ្នែកជាច្រើននៅក្នុងតំបន់ ប៉ុន្តែមានទិន្នន័យតិចតួចណាស់ស្តីពីលទ្ធផល ក្រោយទទួលបានទឹកស្អាតនិងអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ដើម្បីឆ្លើយតបនឹងចំនុចនេះ យើងនឹងសិក្សាអំពីផលប៉ះពាល់របស់កម្មវិធី ទៅលើអាជីវកម្មនានា និងសហគមន៍ជនបទ។
ក្របខ័ណ្ឌវាយតម្លៃសមត្ថភាពរបស់កម្មវិធីគាំទ្រប្រទេសអូស្រ្តលីសំរាប់ប្រទេសកម្ពុជា ដែលបានបោះពុម្ពផ្សាយលើគេហទំព័រ DFAT នឹងត្រូវធ្វើបច្ចុប្បន្នភាពជាញឹកញាប់ ដើម្បីឆ្លុះបញ្ចាំងពីគោលដៅនៃអ្នកទទួលផលរបស់កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
គម្រោងវិនិយោគរបស់យើង
នៅពេញមួយឆ្នាំដំបូង (ឆ្នាំ២០១៦) កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្តោតលើវិស័យបី៖ ទឹក អគ្គិសនី និង សេវាហិរញ្ញវត្ថុ។
យើង ជួយក្រុមហ៊ុនទឹក និង អគ្គិសនីតូចៗដើម្បីពង្រីក និងធ្វើឲ្យប្រសើរឡើងនូវសេវាកម្មរបស់ពួកគាត់ និង ដើម្បីតភ្ជាប់គ្រួសារក្នុងតំបន់ដែលនឹងមិនស្ថិតនៅក្រោមតំបន់សេវាកម្ម ប្រសិនពុំមានជំនួយពីយើង។ ការធ្វើការក្នុងផ្នែកនេះ នឹងនៅតែជាការផ្តោតសំខាន់របស់យើង សម្រាប់ប៉ុន្មានឆ្នាំទៅមុខទៀត។
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏បានសិក្សាពី របៀបដែលស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិននានាអាចផ្តល់ទុនវិនិយោគដល់ ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធតូចៗ។ យើងរកឃើញថា ឱកាសក្នុងការផ្សារភ្ជាប់វិនិយោគិនជាមួយក្រុមហ៊ុនទឹកនិងអគ្គិសនី មានកំរិត ប៉ុន្តែមានការចាប់អារម្មណ៍វិនិយោគជាច្រើនក្នុងគម្រោងថាមពលកកើតឡើងវិញ។
យើងកំពុងពិចារណាការវិនិយោគ ក្នុងថាមពលពន្លឺព្រះអាទិត្យ ការកែច្នៃឡើងវិញ និង ការដឹកជញ្ជូន។

Investing in Infrastructure (3i) is supported by the Australian Government and implemented by Palladium