កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្តេជ្ញាធានាថាគម្រោងសក្កដានុពលទាំងអស់ ឆ្លើយតបនឹងស្តង់ដាបរិស្ថាន របស់អូស្រ្តាលី និងកម្ពុជា។ យើងក៏តម្រូវឲ្យក្រុមហ៊ុនដែលយើងគាំទ្រ គោរពតាមលក្ខខណ្ឌការងារសុវត្តិភាព ច្បាប់និងបទបញ្ញត្តិរបស់កម្ពុជា។
ការត្រួតពិនិត្យសាវតាររបស់យើង អង្កេតលើកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនដែលប្រើប្រាស់កម្លាំងពលកម្មកុមារ គេចពន្ធ ឬពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ឬសកម្មភាពប្រឆាំងសង្គម នឹងត្រូវដកចេញពីការទទួលជំនួយ។
ការកាត់បន្ថយហានិភ័យ និងធានាគុណភាព
ភារកិច្ចក្នុងការត្រួតពិនិត្យ មានការចូលរួមពីរដ្ឋាភិបាលកម្ពុជា។ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ត្រួតពិនិត្យ សុវត្ថិភាពការងារ និងការគោរពតាមគោលការណ៍បរិស្ថានក្នុងកំឡុងពេលសាងសង់។ ក្រសួងពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអគ្គិសនី ប្រើប្រាស់ស្តង់ដានិងការត្រួតពិនិត្យរបស់ខ្លួន ដើម្បីធានាការគោរពច្បាប់ និងបទបញ្ញត្តិរបស់កម្ពុជា។ ការពិនិត្យរួមមាន ការធ្វើតេស្តគុណភាពទឹកស្អាត ឬពិនិត្យសុវត្ថិភាពរបស់បណ្តាញអគ្គិសនីជាប្រចាំ។ ក្រសួង និងអជ្ញាធរថ្នាក់ខេត្តក៏ឆ្លើយតបផងដែរ ទៅនឹងការតវ៉ានានាពីសំណាក់សហគមន៍មូលដ្ឋាន។
ផលប៉ះពាល់បរិស្ថាន
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ បានបង្កើតប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដែលឆ្លើយតបនឹងតម្រូវការរបស់ខ្លួន។ រាល់ទីតាំងទាំងអស់ ត្រូវបានវាយតម្លៃ មុនទទួលការគាំទ្រ។ ឧទាហរណ៍ ប្រសិនទឹកត្រូវបានបូមចេញពីស្ទឹង រាល់ផលប៉ះពាល់លើផ្នែកនៅក្រោមដងស្ទឹង នឹងត្រូវបានពិចារណា។ ក្នុងករណីខ្លះ យើងនឹងសម្រេច មិនបន្តធ្វើការលើគម្រោងនោះ ប្រសិនបើផលប៉ះពាល់អវិជ្ជមានមិនអាចកាត់បន្ថយបាន។
គម្រោងរបស់យើងក៏អាចមានផលប៉ះពាល់វិជ្ជមានលើបរិស្ថានដែរ។ឧទាហរណ៍៖ ការពង្រីកបណ្តាញតភ្ជាប់អគ្គិសនីជាតិ អាចបន្ថយការប្រើប្រាស់អាគុយ និងម៉ាស៊ីនភ្លើងម៉ាស៊ូត និង ការពង្រីកបណ្តាញតភ្ជាប់ទឹកស្អាតតាមបំពង់ អាចបន្ថយតម្រូវការអុសដើម្បីដាំទឹកឆៅ។
លក្ខខណ្ឌការងារ
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តម្រូវឲ្យក្រុមហ៊ុនទាំងអស់អនុវត្តតាមស្តង់ដាសុវត្ថិភាពការងារ និងផ្តល់ការបណ្តុះបណ្តាលអប្បបរមានិងសំភារៈសុវត្ថិភាពដល់បុគ្គលិក។ យើងចុះពិនិត្យទីតាំងពេលសាងសង់ និងលើកឡើងរាល់ការបារម្ភផ្សេងៗជាមួយក្រុមហ៊ុន។ ប្រសិនមានក្តីបារម្ភធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងសុខភាពនិងសុវត្ថិភាពការងារ កម្មវិធីរក្សាសិទ្ធិក្នុងការបញ្ចប់កិច្ចសន្យា។ យើងមានដំណើរការជូនដំណឹងយ៉ាងតឹងរឹងជាស្រេច សំរាប់ករណីមានឧប្បត្តិហេតុការងារនិងសុខភាព។
យ៉េនឌ័រ
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើរតាមការប្តេជ្ញារបស់ ក្រសួងការបរទេសនិងពាណិជ្ជកម្មរបស់ប្រទេសអូស្រ្តាលី (DFAT) ក្នុងការពិចារណាលើយ៉េនឌ័រ នៅគ្រប់ផ្នែកនៃកិច្ចប្រតិបត្តិការរបស់ខ្លួន។ យើងចាប់ផ្តើមជាមួយនឹង ការពិនិត្យឯកសារជាច្រើន និងការសិក្សាអំពីយ៉េនឌ័រដោយស្ថាប័នខាងក្រៅ។ យ៉េនឌ័រនឹងក្លាយជាផ្នែកមួយ ដែលមាននៅគ្រប់ការសិក្សាអំពីផលប៉ះពាល់ទាំងអស់។
នៅពេលសិក្សាសម្មិទ្ធិលទ្ធភាពឲ្យក្រុមហ៊ុនទឹកថ្មី យើងនឹងពិគ្រោះយោបល់ជាមួយអ្នកភូមិទាំងប្រុសនិងស្រី ក្នុងការរៀបចំផែនការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថ្មី។
ភាគរយច្រើននៃក្រុមហ៊ុនដែលទទួលការគាំទ្រពីកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នឹងមានស្ត្រីជាម្ចាស់កម្មសិទ្ធិ។
ការផ្តល់ជូនសេវាដែលមានគុណភាព
កិច្ចសន្យារបស់យើង តម្រូវឲ្យក្រុមហ៊ុនទឹក និងអគ្គិសនី ប្តេជ្ញាគោរពតាមស្តង់ដាគុណភាពតឹងរឹង។
ប៉ុន្មានឆ្នាំថ្មីៗនេះ ក្រសួងរ៉ែនិងថាមពល ក៏ដូចជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានពង្រឹងច្បាប់គ្រប់គ្រងអាជីវករថាមពលនិងទឹកឯកជន។ ក្រសួងទាំងពីរបានបង្កើតប្រព័ន្ធកំណត់ថ្លៃទឹក ដែលអនុញ្ញាតិឲ្យអាជីវករ អាចទទួលបានចំណូលសងត្រឡប់ពីការវិនិយោគជាទីពេញចិត្ត ខណៈដែលអាចធានាបាននូវថ្លៃ និងគុណភាពសេវាសមស្រប។