ការវាយតម្លៃលទ្ធផល
ការតភ្ជាប់ទៅនឹងហេដ្ឋារចនាសម័្ពន្ធមូលដ្ឋានដូចជាទឹកនិងអគ្គិសនី មានសារៈសំខាន់ណាស់ ដើម្បីអនុញ្ញាតឲ្យការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រីកសាយភាយលើសពីទីប្រជុំជនធំៗ។ ក្រុមហ៊ុនត្រូវការ ហេដ្ឋារចនាសម័្ពន្ធមូលដ្ឋានដែលអាចទុកចិត្តបាន ដើម្បីអាចចាប់ផ្តើមអាជីវកម្មនិងវិនិយោគនៅជនបទ។
ការតភ្ជាប់ទឹកស្អាត និងអគ្គិសនីដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ នឹងធ្វើឲ្យគុណភាពជីវិតជនបទប្រសើរឡើង។ កុមារ និងមនុស្សធំ នឹងឈឺតិចជាងមុន គ្រួសារចំណាយពេលតិចជាងមុនដើម្បីទទួលបានទឹក ប្រេងឥន្ធនៈតិចជាងមុននឹងត្រូវបានប្រើប្រាស់ដើម្បីដាំស្ល កុមារនឹងអាចរៀននៅពេលយប់ ហើយការប្រើប្រាស់ម៉ាស៊ីនភ្លើងដើរដោយប្រេងម៉ាស៊ូតនឹងកាន់តែថយចុះ។
ការផ្លាស់ប្តូរនេះបានកើតឡើងហើយនៅផ្នែកជាច្រើននៅក្នុងតំបន់ ប៉ុន្តែមានទិន្នន័យតិចតួចណាស់ស្តីពីលទ្ធផល ក្រោយទទួលបានទឹកស្អាតនិងអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ដើម្បីឆ្លើយតបនឹងចំនុចនេះ យើងនឹងសិក្សាអំពីផលប៉ះពាល់របស់កម្មវិធី ទៅលើអាជីវកម្មនានា និងសហគមន៍ជនបទ។
ក្របខ័ណ្ឌវាយតម្លៃសមត្ថភាពរបស់កម្មវិធីគាំទ្រប្រទេសអូស្រ្តលីសំរាប់ប្រទេសកម្ពុជា ដែលបានបោះពុម្ពផ្សាយលើគេហទំព័រ DFAT នឹងត្រូវធ្វើបច្ចុប្បន្នភាពជាញឹកញាប់ ដើម្បីឆ្លុះបញ្ចាំងពីគោលដៅនៃអ្នកទទួលផលរបស់កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ។