១. តើទំហំវិនិយោគសរុបប៉ុន្មានដែរ? ទំហំជំនួយប៉ុន្មានដែរ?
ច. ទំហំវិនិយោគសរុបគឺ ៥២៤,៤៣៤ដុល្លារ។ ទំហំជំនួយ ១៥០,០០០ ដុល្លារ។ ក្រៅពីនេះទៀត វាមានប្រាក់ ៥,៥០០ ដុល្លារយ៉ាងច្រើនបំផុត សម្រាប់ការគូសប្លង់លម្អិត និង ការគណនាបង្គុំ សម្រាប់អាងប្រព្រឹត្តិកម្ម និង អាងស្តុកទឹក។
២. តើ 3iមានលក្ខខណ្ឌណាមួយសម្រាប់អ្នកដេញថ្លៃឈ្នះ ក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ដែរឬទេ?
ច. អ្នកដេញថ្លៃ ជាអ្នកមានសិទ្ធ និងសម្រេចទាំងស្រុងក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់។ ប៉ុន្តែ 3iមានលក្ខខណ្ឌមួយចំនួនទាក់ទងនឹង ពលកម្មកុមារ ក៏ដូចជា លក្ខខណ្ឌសុវត្ថិភាពការងារ សម្រាប់អ្នកដេញថ្លៃនោះតម្រូវឲ្យ ក្រុមហ៊ុនសាងសង់គោរពតាម។
៣. តើអ្នកដេញថ្លៃ អាច ស្នើទំហំទុយោផ្សេងពីអ្វីដែលបានដាក់ក្នុងរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព ក៏ដូចជាប្រើទុយោ PVC ឬទេ?
ច. អ្នកដេញថ្លៃ អាចមានសិទ្ធកែប្រែទាំងស្រុងពីអ្វីដែលបានដាក់ក្នុងរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព ទៅតាមការយល់ឃើញរបស់ខ្លួន។ ទំហំទុយោដែលធំជាងតែងតែអាចទទួលយកបាន ប៉ុន្តែមិនមានការបន្ថែមលុយជំនួយទេ។ 3i នឹងធ្វើការវាយតម្លៃ ថាតើអ្វីដែលបានស្នើដោយអ្នកដេញថ្លៃនោះ អាចមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនដែលស្របទៅតាមតម្រូវការក្រសួងឧស្សាហកម្ម និង សិប្បកម្មឬទេ។ ចំពោះ ប្រភេទទុយោ PVC វិញ ជាទូទៅក្រសួងឧស្សាហកម្ម និងសិប្បកម្មលើកទឹកចិត្ត និងតម្រូវឲ្យសេវាករទឹកស្អាតប្រើប្រាស់ ទុយោ HDPE ព្រោះវាធន់ជាង មិនងាយខូច ហើយ ពេលគេធ្វើថ្នល់ សេវាករលើលើកទុយោ អាចជៀសវាងការខូចខាតពី។
៤. ពេលជីកបណ្តាញទុយោ វាអាចប៉ះពាល់ដល់ទីធ្លាមុខផ្ទះប្រជាជន តើក្រសួងឧស្សាហកម្ម និង 3i មានការអន្តរាគមន៍ ឬ សម្របសម្រួលដែរឬទេ?
ច. អ្នកដេញថ្លៃឈ្នះ ជាមា្ចស់អាជីវកម្ម នឹងទទួលខុសត្រូវទាំងស្រុងលើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ក្រៅពីនេះ ដើម្បីអាចយកឃុំនេះ មកដាក់ដេញថ្លៃបាន វាមានការឯកភាពពី អាជ្ញាធរមូលដ្ឋានដូចជា មេឃុំ សាលាខេត្ត និង មន្ទីរឧស្សាហកម្ម ក៏ដូចជា ក្រសួងឧស្សាហកម្ម។
៥. តើ វាអាចមានប្រភពទឺកណាផ្សេងក្រៅពី ទន្លេសាបដែរឬទេ?
ច. អ្នកដេញថ្លៃ អាចស្នើប្រភពទឹកផ្សេង តែវាត្រូវតែធានាដល់ការផ្គត់ផ្គង់ទឹករយៈពេលពេញមួយឆ្នាំ ព្រមទាំងមានផលប៉ះពាល់តិចបំផុតដល់អ្នកប្រើប្រាស់ប្រភពទឹកដទៃ និង បរិស្ថាន។
៦. តើ ជំនួយរបស់3i នឹងត្រូវបានផ្តល់ឲ្យដោយរបៀបណា?
ច. ជំនួយ3i ផ្តល់ឲ្យតាមរយៈកិច្ចសន្យាផ្អែកលើសមិទ្ធិផល។ ឧទាហរណ៍ថា ក្នុងកិច្ចសន្យារវាង សេវាករនិង3i បានកំណត់យក បីដំណាក់កាលនោះ។ នៅពេលដែលសេវាករបញ្ចប់ដំណាក់កាលទី១នោះ 3i នឹងធ្វើការវាយតម្លៃថា សមិទ្ធិផលជាក់ស្តែងនោះ គោរពតាមអ្វីដែលបានដាក់ក្នុងកិច្ចសន្យាឬទេ។ បើគោរពតាម 3i នឹងផ្តល់ថវិការឲ្យដូចដែលបានឯកភាពក្នុងដំណាក់កាលទី១នោះ។
៧. តើទំហំជំនួយសម្រាប់ដំណាក់កាលទីមួយមានប៉ុន្មានភាគរយ?
ច. មិនមានការកំណត់ជាមុនឡើយ សម្រាប់ទំហំជំនួយសម្រាប់ដំណាក់កាលនីមួយៗ។ ទំហំជំនួយ សម្រាប់ដំណាក់កាលនីមួយៗ អាស្រ័យលើទំហំវិនិយោគដែលក្រុមហ៊ុនធ្វើឡើងក្នុងដំណាក់កាលនោះ។ ក្រុមហ៊ុន បោះទុនកាន់តែធំចំពោះដំណាក់កាលទីមួយ ទំហំជំនួយក៍ធំតាមនោះដែរ។
៨. ខ្ញុំ ចង់សង់អាងប្រពឹត្តិកម្មធំជាង និង តំឡើងប្រព័ន្ធសូឡា។ តើ3i នឹងផ្តល់ជំនួយបន្ថែមដែរឬទេ?
ទំហំហេដ្ឋារចនាសម្ព័ន្ធ ដែលស្នើដោយ 3i គឺគ្រប់គ្រាន់សម្រាប់ចែកចាយទឹកដល់ប្រជាជនក្នុងឃុំ។ ប្រសិនបើ ក្រុមហ៊ុនចង់សង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំជាង ឬ ល្អជាង ក្រុមហ៊ុនអាចធ្វើបានតែ 3i នឹងមិនផ្តល់ជំនួយបន្ថែមឡើយ។
ដោយឡែកចំពោះប្រព័ន្ធសូឡាវិញ 3i អាចនឹងពិចារណាផ្តល់ថិវិការជំនួយបន្តិចបន្តួចបន្ថែម។
៩. តើរយៈពេលនៃកិច្ចសន្យា មានពេលប៉ុន្មានដែរ?
ច. ជាគោលការណ៍ វាមានរយៈពេល ១៨ខែ។
១០. តើខ្ញុំអាចបញ្ជាក់ថាអាចមានទុនវិនិយោគតិចបំផុត35%ដោយរបៀបណា?
ច. អ្នក អាចបង្ហាញភស្តុតាងតាមរយៈរបាយការណ៍ហិរញ្ញវត្ថុរបស់គណនីអ្នក ដែលអាចជាគណនីបញ្ញើសំចៃ (គណនីដែលអាចដកឬដាក់ប្រាក់បានគ្រប់ពេលវេលា) ឬ គណនីមានកាលកំណត់។ អ្នកក៏អាចប្រើប្រាស់អចលនទ្រព្យដែលមានវិញ្ញាបណ្ណប័ត្រ ឬលិខិតបញ្ជាក់ត្រឹមត្រូវ។
១១. ខ្ញុំមានអាជីវកម្មលក់ម៉ូតូ និង លក់ទឹក។ តើខ្ញុំអាចយកទ្រព្យសកម្មពីអាជីវកម្មទាំងនោះ មកប្រើជាសំអាងសម្រាប់ទុនវិនិយោគតិចបំផុតឬទេ ដែលមានដូចជា ម៉ូតូ និង អាងប្រព្រឹត្តិកម្មជាដើម?
ច. ទេ អ្នកមិនអាច។
១២. ខ្ញុំ មានផ្ទះដែលកំពុងដាក់ជាទ្រព្យធានានៅធានាគារ។ តើ ខ្ញូំអាចយកវាជាសំអាងសម្រាប់ទុនវិនិយោគតិចបំផុតឬទេ?
ច. ទេ អ្នកមិនអាច។
១៣. តើ 3iបានធ្វើការសិក្សាសមិទ្ធិលទ្ធភាពហើយឬនៅ?
3i បានធ្វើការសិក្សារួចរាល់ហើយ។ លោកអ្នកអាចស្វែងរករបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពនៅក្នុង កញ្ចប់ដេញថ្លៃ ដែលលោកអ្នកអាចរកទិញបានពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ លោកអ្នកក៍អាចទាញយកវាពីគេហទំព័រ3iក៏បាន។
១៤. តើនៅពេលណា ខ្ញុំអាចដកប្រាក់ ៥,០០០ដុល្លារ ដែលស្ថិតនៅក្រោមការធានាពីធានាគារ?
ប្រសិនបើអ្នកចាញ់ការដេញថ្លៃ អ្នកអាចដកប្រាក់ ៥,០០០ ដុល្លារបាន។
១៥. នៅពេលខ្ញុំឈ្នះការដេញថ្លៃ តើខ្ញុំនឹងទទួលបានប្រកាសអនុញ្ញាតដោយស្វ័យប្រវត្តិឬទេ?
តំណាងគណកម្មការ និង គណកម្មការក្រសួងជាអ្នកសម្រេចជ្រើសរើសអ្នកឈ្នះ។ ដូច្នេះ នៅពេលអ្នកឈ្នះការដេញថ្លៃត្រូវបានប្រកាសជាផ្លូវការនោះ អ្នកឈ្នះជាអ្នកទទួលប្រកាសអនុញ្ញាត។
១៦. តើនឹងមានអ្វីកើតឡើង ប្រសិនបើខ្ញុំជ្រើសរើសទុយោមានទំហំតូចជាងមុន?
អ្នកដេញថ្លៃ អាចស្នើទំហំទុយោ និងផ្នែកផ្សេងៗទៀតនៃហេដ្ឋារចនាសម្ព័ន្ធ ខុសពីអ្វីដែលបានស្នើក្នុង របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព។ 3i នឹងត្រួតពិនិត្យថាតើ អ្វីដែលបានស្នើនោះឆ្លើយតបទៅនឹងបទដ្ឋាន របស់ក្រសួងឧស្សាហកម្មឬទេ និងអាចចែកចាយទឹកប្រកបដោយសម្ពាធគ្រប់គ្រាន់ដែរឬទេ។ ប្រសិនបើវាឆ្លើយតប និង អ្នកដេញថ្លៃនោះឈ្នះ 3iនឹងអាចកាត់បន្ថយថវិការជំនួយទៅតាមតម្លៃជាក់ស្តែងដែលបានថយចុះ។
១៧. ប្រសិនបើមានអ្នកដេញថ្លៃ២នាក់ស្នើថ្លៃលក់ទឹកដូចគ្នា តើគេធ្វើម៉េចដើម្បីជ្រើសរើសអ្នកឈ្នះ?
ប្រសិនបើមានអ្នកដេញថ្លៃ២នាក់ស្នើថ្លៃលក់ទឹកដូចគ្នានោះ តំណាងគណកម្មការនឹងសម្រេចដោយផ្អែកលើ ថ្លៃតំណ។ ប្រសិនបើមានអ្នកដេញថ្លៃ២នាក់ស្នើថ្លៃតំណដូចគ្នានោះ តំណាងគណកម្មការនឹងពិនិត្យទៅលើ ថ្លៃតំហែទាំនាឡិកា ប្រាក់កក់ និង ថ្លៃតំណឡើងវិញ។
១៨. ថ្លៃលក់ទឹកអាចធ្លាក់ចុះពីឆ្នាំទី១ដល់ទី៥ អញ្ចឹងតើគេអាចជ្រើសរើសអ្នកមានថ្លៃលក់ទឹកទាបយ៉ាងដូចម្តេច?
គេប្រើវិធីមធ្យមភាគថ្លៃទឹករយៈពេល៥ឆ្នាំ។
១៩. តើធានាគារណាខ្លះអាចចេញលិខិតធានា៥,០០០ដុល្លារបាន?
អ្នកអាចស្វែងរកសេវាកម្មលិខិតធានាពីគ្រប់ធានាគារពាណិជ្ជទាំងអស់។ នៅក្នុងជុំដេញថ្លៃមុនៗ គេឃើញមានលិខិតធានាសម្រាប់ការដេញថ្លៃចេញដោយធានាគារអេស៊ីលីដា ប៉ុន្តែលោកអ្នកអាចសួររកសេវានេះពីធានាគារ ផ្សេងៗតាមការគួរ និងបង្ហាញពីទម្រង់គំរូពីលិខិតធានានោះ។
២០. សម្រាប់ទីតាំងនេះ ទុយោនាំយកទឹកឆៅរត់កាត់ឃុំដែលស្ថិតនៅក្នុងអាជ្ញាប័ណ្ណរបស់អ្នកដទៃ។ តើវាអាចទៅរួចឬទេ?
មន្រ្តីក្រសួងឧស្សាហកម្ម បានពន្យល់ថា វាមិនមានបញ្ហានោះទេ កុំឲ្យតែចែកចាយទឹកនៅតំបន់អាជ្ញាប័ណ្ណគេ។
២១. វាមានតម្រូវឲ្យមានទុនវិនិយោគអប្បបរមា៣៥% នៃវិនិយោគសរុប។ ប្រសិនបើមានអ្នកមិនឆ្លើយតបនឹងលក្ខខណ្ឌនេះ តើគេអាចដាក់ពាក្យដេញថ្លៃដែរឬទេ?
ទេ គាត់មិនដាក់ពាក្យដេញថ្លៃឡើយ។ មូលហេតុតម្រូវឲ្យមាន ៣៥%នៃទុនវិនិយោគសរុបគឺ ដើម្បីធានាថាអ្នកវិនិយោគមានទុនគ្រប់គ្រាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់សេវាទាំងមូលក្នុងរយៈពេល៥ឆ្នាំ ដែលតម្រូវដោយក្រសួង។
២២. តើអ្នកដេញថ្លៃអាចស្នើសុំថ្លៃទាបជាងថ្លៃដែលកំណត់ដែរឬទេ?
ទេ គាត់មិនអាចដាក់ថ្លៃខុសពីថ្លៃដែលកំណត់ទេ។ គាត់នឹងត្រូវធ្លាក់ពីការដេញថ្លៃ។
២៣. តើ ទុនវិនិយោគដែលបានស្នើក្នុងរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព បានគិតពីពន្ធលើតម្លៃបន្ថែម (VAT)?
ទុនវិនិយោគ ដែលបានស្នើក្នុងរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព ជាតម្លៃប៉ាន់ស្មានដោយផ្អែកលើតម្លៃផលិតផលលើទីផ្សារ។ ដូច្នេះ វាបានគិតពីពន្ធលើតម្លៃបន្ថែម (VAT) រួចស្រាច់ហើយ។ សូមបញ្ជាក់ថា តម្លៃទាំងនោះ ជាតម្លៃប៉ាន់ស្មានប៉ុណ្ណោះ។ ដូច្នេះ សូមអ្នកដេញថ្លៃផ្ទៀងផ្ទាត់ដោយខ្លួនឯងតាមតម្លៃទីផ្សារ។
២៤. ប្រសិនបើ អ្នកឈ្នះការដេញថ្លៃមិនទទួលយកលទ្ធផល តើអ្នកឈរលេខរៀងទី២អាចក្លាយជាអ្នកឈ្នះការដេញថ្លៃដែរឬទេ?
មន្ត្រីក្រសួងឧស្សាហកម្ម បានពន្យល់ថា ជាគោលការណ៍គេនឹងធ្វើការដាក់ដេញថ្លៃម្តងទៀត ដើម្បីជៀសវាងការរួមគំនិតគ្នា រវាងអ្នកដេញថ្លៃទាំងពីរ។
២៥. តើ3i គណនាតម្លៃសារធាតុគីមីដោយរបៀបណា?
វា ពឹងផ្អែកលើការសន្មតជាស្តង់ដា សម្រាប់ក្រុមហ៊ុនអាជីវកម្មទឹកស្អាត។ ដើម្បីកសាងការសន្មតនេះ 3iបានធ្វើការសិក្សាលើទីផ្សារ និងសម្ភាសក្រុមហ៊ុនមួយចំនួន។ សូមបញ្ជាក់ថា តម្លៃទាំងនោះ ជាតម្លៃប៉ាន់ស្មានប៉ុណ្ណោះ។ ដូច្នេះ សូមអ្នកដេញថ្លៃផ្ទៀងផ្ទាត់ដោយខ្លួនឯង។
២៦. តើអ្នកឈ្នះការដេញថ្លៃ អាចផ្ទេរអាជ្ញាប័ណ្ណដល់អ្នកផ្សេងដែរឬទេ?
ក្រសួងឧស្សាហកម្ម ជាអ្នកសម្រេចថាតើអាជ្ញាប័ណ្ណនោះអាចផ្ទេរបានឬមិនបាន។ ដោយឡែកកិច្ចសន្យាផ្តល់ជំនួយ ដែលធ្វើឡើងរវាងអ្នកឈ្នះការដេញថ្លៃ និង3i មិនអាចមានផ្ទេរនោះទេ លុះត្រាតែ មានការជូនដំណឹងដល់ 3iជាមុន មុនពេលចុះកិច្ចសន្យា។
២៧. ក្នុងរយៈពេល៥ឆ្នាំ ប្រសិនបើអ្នកឈ្នះមិនអាចគ្របដណ្តប់គ្រប់ភូមិក្នុងតំបន់សេវាកម្មនោះទេ តើក្រសួងឧស្សាហកម្មនឹងដកយកប្រកាសអនុញ្ញាតវិញដែរឬទេ?
មន្ត្រីក្រសួងឧស្សាហកម្មបានពន្យល់ថា បើតាមច្បាប់ក្រសួងអាចដកហូតប្រកាសបាន។ ប៉ុន្តែ តាមការអនុវត្តជាក់ស្តែងកន្លងមក ក្រសួងនឹងចុះទៅត្រួតពិនិត្យដល់ទីកន្លែង សិក្សាពីការវិវឌ្ឍ និង ស្វែងយល់ពីឧបសគ្គជាក់ស្តែងនៅក្នុងតំបន់។
២៨. បើតាមក្រសួងឧស្សាហកម្ម អ្នកឈ្នះការដេញថ្លៃត្រូវសង់បញ្ចប់ហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេល៥ឆ្នាំ។ ប៉ុន្តែ កិច្ចសន្យាជំនួយជាមួយ3iធ្វើឡើងក្នុងរយៈពេល១.៥ឆ្នាំប៉ុណ្ណោះ។ ហេតុអ្វី បានជាវាខុសគ្នាអញ្ចឹង?
3i មិនតម្រូវឲ្យអ្នកឈ្នះបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង មុនពេល 3i ផ្តល់ថវិការជំនួយលើកចុងក្រោយឡើយ។ ក្នុងការបង្កើតកិច្ចសន្យា អ្នកទទួលជំនួយ និង 3i នឹងឯកភាពគ្នាលើ ដំណាក់កាលផ្តល់ជំនួយ និង សមិទ្ធិផលក្នុងដំណាក់កាលនីមួយៗ ដែលមានភាពប្រាកដនិយម។
២៩. សម្រាប់ថ្លៃលក់ទឹកនៅឃុំដែលបានដាក់ដេញថ្លៃកាលពីជុំមុនៗ តើអ្នកនឹងបង្ហាញពីលទ្ធផលនៃការដេញថ្លៃដែរឬទេ? ប្រសិនបើដូច្នោះ ពួកយើងចង់ដឹងពីតម្លៃទឹកលក់នៃជុំ មុនៗនោះ។
ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ជាអ្នកសម្រេចជ្រើសរើសអ្នកឈ្នះ និងជាផ្លូវការប្រកាសលទ្ធផលដែលនឹងបង្ហាញផងដែរនូវ ថ្លៃលក់ទឹក ថ្លៃតំណ និងតម្លៃសេវាផ្សេងៗទៀត។ សូមទាក់ទង អគ្គនាយកដ្ឋានទឹកស្អាត នៃ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។
៣០. តើលិខិតប្រាក់កក់ធានានោះមានសុពលភាពដល់ពេលណា?
លិខិតប្រាក់កក់ គួរតែមានសុពលភាពយ៉ាងហោចណាស់ដល់ថ្ងៃទី ១ កុម្ភៈ ឆ្នាំ២០១៨។
៣១. វាមានស្ទឹងក្រាំងពន្លៃ នៅក្នុងឃុំទំនប់ធំ។ តើគេអាចប្រើប្រាស់វា ជាប្រភពទឹកដែរឬទេ?
ស្ទឹងនេះ រីងកាលពីឆ្នាំមុន ហើយវាហាក់ដូចជាមិនអាចក្លាយជាប្រភពទឹកប្រកបដោយចីរភាពនោះឡើយ។ ឃុំស្ថិតនៅផ្នែកខាងក្រោមបំផុតនៃស្ទឹង ហើយវាមានទ្វារទឹកតាមទំនប់ជាច្រើននៅផ្នែកខាងលើនៃស្ទឹង។
៣២. តើឃុំទំនប់ធំ អាចបញ្ចូលគ្នាជាមួយនឹងឃុំណាមួយផ្សេងទៀតទេ?
វាមានឃុំម្កាក់ដែលនៅក្បែរនោះ ដែលអាចបញ្ចូលគ្នាបាន។
៣៣. ហេតុអ្វីបានជា សមត្ថភាពម៉ូទ័របូមទឹកឆៅធំជាងសមត្ថភាពម៉ូទ័ររុញទឹក?
វាមានហេតុផល២យ៉ាង។ ទីមួយ ប្រវែងទុយោទឹកឆៅដែលភ្ជាប់អាងប្រពឹត្តកម្មទៅនឹងប្រភពទឹកមានចម្ងាយវែង។ ទីពីរ គឺនៅតាមផ្លូវនោះ វាមានទួលជាច្រើន។
៣៤. ប្រសិនអ្នកដេញថ្លៃឈ្នះការដេញថ្លៃ ចង់ស្នើរសុំពង្រីកតំបន់សេវាកម្មទៅឃុំដែលនៅជាប់ឃុំទំនប់ធំ តើ3iនឹងផ្តល់ជំនួយបន្ថែមទៀតទេ?
ចាស 3i អាចពិចារណាផ្តល់ថវិការជំនួយបន្ថែមប្រសិនអ្នកឈ្នះ ចង់គ្របដណ្តប់តំបន់សេវាកម្មដែលធំជាងមុន។ 3i នឹងប្រើប្រាស់វិធីសាស្រ្តគណនាដូចមុនក្នុងការគណនាជំនួយ ហើយនឹងត្រូវដាក់សំណើរទៅគណៈកម្មាធិការត្រួតពិនិត្យរបស់ខ្លួនដើម្បីអនុម័តប្រសិនទំហំជំនួយប្រែប្រួលខ្លាំង។ 3i មិនអាចធានាថាអ្នកឈ្នះការដេញថ្លៃនឹងទទួលជំនួយន្ថែមនោះទេ។