២៥ឆ្នាំកន្លងមក ប្រទេសកម្ពុជាបានលូតលាស់ ពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្រជាងគេក្នុងពិភពលោក ទៅជាប្រទេសដែលមានចំណូលកណ្តាលទាប ប៉ុន្តែការលូតលាស់នេះ ស្ថិតនៅផ្តុំតែជុំវិញទីក្រុងសំខាន់ៗប៉ុណ្ណោះ។ បច្ចុប្បន្ន កម្ពុជាកំពុងពង្រីកសេវាកម្មមូលដ្ឋាន ដូចជាទឹកស្អាត និងអគ្គិសនីដែលអាចទុកចិត្តបានទៅក្រៅទីក្រុង ដើម្បីឲ្យប្រជាជនទាំងអស់អាចទទួលអត្ថប្រយោជន៍ពីការរីកចម្រើន។
ការពង្រីកសេវាកម្មមូលដ្ឋាន នឹងធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដែលរស់នៅក្រៅទីប្រជុំជនប្រសើរឡើង ហើយការទទួលបានទឹកស្អាត នឹងធ្វើឲ្យសុខភាពពួកគាត់ប្រសើរជាងមុនជាខ្លាំង។ អគ្គិសនីដែលមានតម្លៃសមរម្យ នឹងធ្វើឲ្យរោងជាងនិងរោងចក្រខ្នាតតូច អាចដំណើរការបានច្រើនម៉ោងជាងមុន ម្ហូបអាហារអាចត្រូវបានរក្សាក្នុងទូរទឹកកក និងសិស្សសាលាអាចរៀនពេលយប់។
២០ឆ្នាំកន្លងមក ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧ភាគរយ ហើយកំណើននេះបានកែប្រែប្រទេសយ៉ាងច្រើន។ ការងារកំពុងកើនឡើងយ៉ាងរហ័ស នៅក្នុងវិស័យសំណង់ កាត់ដេរ និងទេសចរណ៍ ប៉ុន្តែឱកាសទាំងនេះមិនទាន់បានរីកសាយភាយ ទៅជនបទដែលវិស័យកសិកម្ម នៅតែជាប្រភពចំណូលចំបងនៅឡើយ។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ប្រកាសអនុញ្ញាតិជូនដល់ ៣៦០ ក្រុមហ៊ុនអគ្គិសនីឯកជន ដែលបានភ្ជាប់បណ្ដាញអគ្គិសនីដល់ ១,៨ លានខ្នងផ្ទះ។ ហើយប្រហែលជា ១៤០ ក្រុមហ៊ុនទៀតដែលទទួលប្រកាសអនុញ្ញាតិ ផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ដល់ផ្ទះប្រជាពលរដ្ឋ។
ក៏ប៉ុន្តៃអាជីវករផ្គត់ផ្គង់ទឹក និងអគ្គិសនីទាំងនោះ ស្ទាក់ស្ទើរក្នុងការពង្រីកទៅតំបន់ដែលទាមទាររយៈពេលយូរ ដើម្បីទទួលទុនវិនិយោគដំបូងមកវិញ។ បន្ថែមនឹងការចំណាយសាធារណៈលើការសាងសង់និងថែទាំហេដ្ឋារចនាសម្ព័ន្ធមានកំរិតទាប ធ្វើឲ្យមួយផ្នែកធំនៃប្រទេសកម្ពុជា នៅតែមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានប្រើប្រាស់។
ការស្រាវជ្រាវរបស់យើងខ្ញុំបង្ហាញថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកចំនួនពី ៥០ទៅ១០០ អាចត្រូវបានលើកទឹកចិត្តឲ្យពង្រីក តំបន់គ្របដណ្តប់របស់ពួកគេ ប្រសិនទទួលបានទុនវិនិយោគបន្ថែម។ ការពង្រីកនេះអាចផ្តល់ប្រយោជន៍ដល់គ្រួសារប្រហែល១០០,០០០ ឬប្រជាជនកម្ពុជាប្រមាណ ៥០០,០០០នាក់។
កម្មវិធីវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធ ក៏បានប៉ាន់ប្រមាណថា ការឧបត្ថម្ភធនអាចជួយក្រុមហ៊ុនអគ្គិសនីរហូតដល់៧០ ដើម្បីពង្រីកបណ្តាញរបស់ពួកគេ ឬធ្វើឲ្យគ្រួសារក្រីក្រ មានលទ្ធភាពតភ្ជាប់បណ្តាញអគ្គិសនីជាតិ។
យើងខ្ញុំ ក៏កំពុងស្វែងរកវិធីសាស្រ្តលើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុ ឲ្យវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ យើងរកឃើញថា មានការចំណាប់អារម្មណ៍ច្រើន ក្នុងការវិនិយោគក្នុងគម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតធំ ក្រោមលក្ខខណ្ឌត្រឹមត្រូវ។ នៅឆ្នាំបន្តបន្ទាប់ យើងខ្ញុំអាចនឹងពង្រីកសកម្មភាព ទៅវិស័យដ៏ទៃទៀតដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ។